ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង ខណៈដែលនេះជាជំនួបទី៦ហើយ បន្ទាប់ពីជំនួបកន្លងទៅបានធ្វើនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត-កែប។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀងសរុប១៣០២នាក់។
ការចុះជួបសំណេះសំណាលនេះ សម្តេចតេជោបានបញ្ជាក់ថា គោលបំណងធំនៃការសម្រេចគោលដៅដែលសម្តេចបានដាក់ចេញ ពេលឡើងជាប្រធានព្រឹទ្ធសភា គឺការចូលរួមជាមួយរដ្ឋាភិបាលលើកិច្ចការការបរទេស នោះគឺការធ្វើការទូតសភា ខណៈដែលទាក់ទងកិច្ចការងារការបរទេសនេះ សកម្មភាពជំនួបរបស់សម្តេចទាំងក្នុងនិងក្រៅប្រទេស មានភាពសកម្មជាងមុន បើធៀបកាលសម្តេចធ្វើជានាយករដ្ឋមន្ត្រី និងទី២ ការធ្វើគណនេយ្យភាពជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។
យោងតាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ខេត្តស្វាយរៀង ស្ថិតនៅតំបន់វាលរាបនៃទិសអាគ្នេយ៍ មានចម្ងាយ១២៥គ.ម ពីរាជធានីភ្នំពេញ និងមានផ្ទៃដីសរុប២.៩៦៦,៤០ គីឡូម៉ែត្រក្រឡា។ មានព្រំប្រទល់ខាងជើង និងខាងលិច ជាប់និងំខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់និង ខេត្តតៃនីញ ប្រទេសវៀតណាម (ប្រវែង ២៥៨គ.ម)។ ខេត្តស្វាយរៀងចែកចេញជា ២ក្រុង ៦ស្រុក ៨០ឃុំសង្កាត់ (១២សង្កាត់ ៦៨ឃុំ)៦៩០ភូមិ មានប្រជាពលរដ្ឋសរុប ១៦៨.៨៨៨គ្រួសារ ស្មើនឹង ៦៩៨.១៥៥នាក់ ស្រី ៣៥៩.២០៥នាក់។ នៅទូទាំងខេត្ត មានច្រកទ្វារព្រំដែនចំនួន ៨កន្លែង រួមមាន ៖ច្រកទ្វារព្រំដែនអន្តរជាតិ ២កន្លែង (បាវិត និងព្រៃវល្លិ៍) ,ច្រកទ្វារព្រំដែនទ្វេភាគី ២កន្លែង (សំរោង និងបុសមន) និងច្រកទ្វារតំបន់ព្រំដែន ៤កន្លែង (ស្រែបារាំង ព្រៃតាអី ដូង និងខ្សែដែក) ។
តំបន់ភូមិសាស្ត្រខេត្តស្វាយរៀងបែងចែកជាបីប៉ូលសំខាន់ៗ គឺ៖
តំបន់ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ មាននៅក្រុងបាវិត ក្រុងស្វាយរៀង ផ្នែកខ្លះ នៃស្រុកចន្ទ្រា កំពង់រោទិ៍ ស្វាយជ្រំ និងស្រុកស្វាយទាប ខណៈតំបន់កសិ-ឧស្សាហកម្ម មាននៅស្រុករមាសហែក ស្វាយទាប និងស្រុករំដួល ដែល កំពុងដាំដុះដំណាំអំពៅ ដំឡូងមី កៅស៊ូជាដើម និងក្រៅពីនេះជាតំបន់កសិកម្មដែលដាំដុះលើដំណាំស្រូវ ។ ប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្មប្រមាណ ៥១,៥% ឧស្សាហកម្ម និងសេវាកម្ម ៤៨% និងមុខរបរសិប្បកម្មប្រមាណ ០,៥%។
ចាប់តាំងពីមានការសម្រេចរបស់រាជរដ្ឋាភិបាលឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងទឹកដីនៃខេត្តស្វាយរៀង នៅឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន នៅទូទាំងខេត្តមានតំបន់សេដ្ឋកិច្ច ពិសេស ចំនួន១៣កន្លែង កំពុងដំណើរការ ១២កន្លែង។
តាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវិឌ្ឍន៍កម្ពុជា ខេត្តស្វាយរៀង ជាខេត្តទទួលបានគម្រោងចុះទុនវិនិយោគ ច្រើនជាងគេ ទី២ នៅក្នុងប្រទេស គឺចំនួន ១៣៩គម្រោង ។ ជាមួយនេះ តាមរយៈអនុគណៈ កម្មាធិការវិនិយោគខេត្ត ក៏បានសម្រេចអនុញ្ញាតតាមការស្នើសុំក្នុងការចុះបញ្ជីវិនិយោគរបស់ ក្រុមហ៊ុនរោងចក្រ ចំនួន ៧គម្រោង ផងដែរ លើទុនវិនិយោគសរុបជាង២៣លានដុល្លារ បង្កើតការងារបានចំនួន ២.១៧៥នាក់ ។ ជារួមគិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្ត មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៣កន្លែង ក្នុងនោះកំពុងដំណើរការចំនួន ១២កន្លែង និង មានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ចំនួន ១.០៩៩កន្លែង ដែលបានផ្តល់ការងារជូន ប្រជាពលរដ្ឋ ចំនួន ១៦១.០០៣នាក់ ៕

















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល