ព័ត៌មាន
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី សម្រាប់ ជាឯកសារគោលតម្រង់ទិស ដើម្បីកសាង និងអភិវឌ្ឍធុរកិច្ចថ្មីឱ្យបានរីកលូតលាស់ ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ រស់រវើក និងបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យលើ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០» បញ្ហានេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ជឿជាក់ និងឆន្ទៈមោះមុត, ដោយ “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា និងដើម្បីឈាន ទៅឆ្នាំ២០៥០ សំដៅបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជនក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាព។
រាជរដ្ឋាភិបាលបាននិងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងកំណើនផលិតភាពសេដ្ឋកិច្ច ប្រកប ដោយពិពិធភាព និងជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេសធុរកិច្ចថ្មី (Startup)។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដឹកនាំសម្របសម្រួលរៀបចំ «សេចក្តីព្រាងយុទ្ធសាស្រ្ត ជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ដើម្បីជាឯកសារគោលមួយ ជួយតម្រង់ទិសក្នុងការកសាងនិងអភិវឌ្ឍធុរកិច្ចថ្មី នៅ កម្ពុជាឱ្យបានរីកលូតលាស់ថែមទៀត។
សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០, មានចក្ខុវិស័យធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ី ធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និងបរិយាបន្ន ដែលអាចពូនជ្រុំសហគ្រិននវានុវត្តន៍ ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ ដើម្បីអភិវឌ្ឍ ធុរកិច្ចថ្មីឱ្យ ក្លាយជាក្រុមហ៊ុនដែលមានសមត្ថភាពប្រកួតប្រជែង និងលូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ “យុទ្ធសាស្រ្តជាតិ” នេះមានគោលបំណង អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និងមានការតភ្ជាប់ ជាប្រព័ន្ធ ដើម្បីគាំទ្រធុរកិច្ចថ្មីគ្រប់ដំណាក់កាលក្នុងការចាប់ផ្តើម, លូតលាស់, ពង្រីកទីផ្សារ, ទទួលបានមូលធន, អភិវឌ្ឍសមត្ថភាព ឱ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក, តំបន់ និងទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនការរួមចំណែករបស់ធុរកិច្ចថ្មីក្នុង ផ.ស.ស.។
“សេចក្តីព្រាងយុទ្ធសាស្ត្រ”នេះ ត្រូវបានរៀបចំឡើងដោយឆ្លងកាត់នូវការពិគ្រោះយោបល់ជាបន្តបន្ទាប់ ជាមួយគ្រប់តួអង្គ ពាក់ព័ន្ធ ទាំងរដ្ឋ, ឯកជន និងដៃគូអភិវឌ្ឍន៍, ការសិក្សា និងសំយោគពីបទពិសោធន៍ និងម៉ូដែលអន្តរជាតិ, ការធ្វើទស្សនកិច្ច សិក្សា ដោយផ្ទាល់នៅបណ្តាប្រទេសមួយចំនួន ដែលមានការរីកចម្រើនផ្នែកធុរកិច្ចថ្មី ទាំងក្នុងតំបន់ និងសកលលោក ដើម្បីធានាថា នៅពេល សេចក្តីព្រាងនេះត្រូវដាក់ឱ្យអនុវត្ត គ្រប់តួអង្គពាក់ព័ន្ធប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី អាចចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់៕អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល