ព័ត៌មាន
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសារលិខិត ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ។
តាមរយៈសារលិខិតថ្វាយព្រះពរ សម្ដេចតេជោ និងសម្ដេចធិបតី ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បានព្រះបរមរាជានុញ្ញាតលំឱនកាយបួងសួងដល់គុណតេជះបារមីនៃព្រះបរមរូបអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គដ៏មានឫទ្ធានុភាព សូមព្រះអង្គ ប្រទានព្រះពរប្រោះព្រំថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបវរសួស្តី សិរីមង្គល និង ព្រះបរមសុខគ្រប់ប្រការ។
ជាមួយនឹងសមានចិត្តស្វាមីភក្តិចំពោះព្រះរាជបល្ល័ង្ក សម្ដេចតេជោ និងសម្ដេចធិបតី សូមថ្លែងនូវព្រះរាជមហាករុណាទិគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រកបដោយទសពិធរាជធម៌ ព្រះរាជឧត្តមគតិ ព្រះរាជមនសិការស្នេហាជាតិ មគតិ ព្រះរាជមនសិការស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ ក្រោមម្លប់ដ៏ ត្រជាក់ត្រជំនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាននិងកំពុងបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យដែលជាមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ហើយប្រជារាស្ត្រគ្រប់ៗរូប ទទួលបាននូវភាពសម្បូរសប្បាយប្រកបដោយភាពថ្លៃថ្នូរ មោទនភាព និងកិត្យានុភាពជាតិ និងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍តរៀងទៅ។
ជាថ្មីម្តងទៀត សម្ដេចតេជោ និងសម្ដេចធិបតី ព្រមទាំងមន្រ្ដីរាជការអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី ទេវតារក្សាព្រះមហាស្វេច្ឆត្រ ព្រមទាំងព្រះរាជតេជះ បារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ឆាប់បានជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕



-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន