ព័ត៌មាន
សប្តាហ៍នេះ ក្រសួងការងារត្រៀមនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ទៅផ្សព្វផ្សាយនៅខេត្តព្រះវិហារ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរួចរាល់ ដើម្បីចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ និង១៦ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកចំនួន២ ក្នុងខេត្តព្រះវិហារ ដែលនាំយកឱកាសការងារចំនួនជាង ៩ម៉ឺនកន្លែង ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារសរុបចំនួន ៩ម៉ឺន ២ពាន់ ១៧៣កន្លែង សម្រាប់អ្នកខេត្តព្រះវិហារ។ ក្នុងនោះ សម្រាប់ ថ្ងៃទី១៥ ខែឧសភា នឹងរៀបចំកម្មវិធីនៅក្នុងបរិវេណសាលាស្រុកគូលែន ស្រុកគូលែន។ និងថ្ងៃទី១៦ ខែឧសភា នឹងរៀបចំនៅក្នុងបរិវេណសាលាស្រុកសង្គមថ្មី ស្រុកសង្គមថ្មី។
ពាក់ព័ន្ធការត្រៀមរៀបចំវេទិកានេះ ក្រសួងការងារ បានអំពាវនាវប្រជាពលរដ្ឋ និងអតីតពលករ ពលការិនី ចូលរួមឱ្យបានច្រើនកុះករ ជាពិសេសអ្នកចង់បានការងារ ហើយមិនចេះសូមកុំបារម្ភ ពីព្រោះទាំងនោះ ក្រៅពីមន្រ្តីរបស់ក្រសួងការងារ ក៏មានដែររោងចក្រ សហគ្រាស នឹងចុះទៅដោយផ្ទាល់ផងដែរ ដើម្បីធ្វើការផ្តល់ព័ត៌មានកាន់តែលម្អិតជូន។ ដោយឡែក អ្នកដែលមិនបានចូលរួមវេទិកាការងារនេះដោយផ្ទាល់ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សរុបចំនួនជាង ៦០០លើក ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និងអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦៥ម៉ឺននាក់។
សូមជំរាបជូនផងដែរ នៅក្នុងវេទិកាការរងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ពីមុនប្រជាពលរដ្ឋរត់រកការងារដែលចំណាយទាំងពេលវេលា និងថវិកា តែពេលបច្ចុប្បន្ននេះគឺការងារ និងសាលារៀនរត់រកប្រជាពលរដ្ឋដល់កន្លែង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលផ្តល់អាទិភាពដ៏ចម្បងលើការផ្ដល់ឱកាសការងារប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារកាន់តែប្រសើរ និងប្រាក់ឈ្នួលសមរម្យដល់ប្រជាពលរដ្ឋដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គម ក៏ដូចជាការរួមចំណែកដោយផ្ទាល់ក្នុងការជួយកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ