ព័ត៌មាន
កសិករគាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេន ខណៈទិន្នផលទុរេនមានការកើនឡើង
ភ្នំពេញ៖ ម្ចាស់ចម្ការ ទុរេន និងប្រធានសហគមន៍ទុរេនបែកអន្លូង បានលើកឡើងថា ទុរេនរបស់ខ្មែរកំពុងមានទីផ្សារ និងតម្លៃល្អ ហើយទិន្នផលទុរេនឆ្នាំនេះ គឺផ្តល់បានល្អ ដែលមានកំណើនប្រមាណ ៣០% បើធៀបនឹងឆ្នាំមុន ខណៈប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ និងបន្តពហិកាផលិតផលនាំចូល។ ពួកគេ គាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេនពីថៃ។
ម្ចាស់ចម្ការទុរេន រិទ្ធិដានី ស្ថិតនៅខេត្តកោះកុង ប្រាប់ BTV ថា សព្វថ្ងៃ ទីផ្សារទុរេនខ្មែរ មានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ដោយសារ ពួកគេមានទំនុកចិត្តថាជាទុរេនរបស់ខ្មែរ។ អ្នកស្រីថា សព្វថ្ងៃ ទុរេនលក់អស់ប្រមាណ ២ ទៅ ៣ តោនក្នុងមួយថ្ងៃ និងមួយចំនួនទៀតលក់នៅក្នុងផ្សារទំនើប ជីប ម៉ុង។
អ្នកស្រី សប្បាយចិត្តចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេនពីថៃក្នុងអំឡុងពេលនេះ។ការណ៍នឹងជួយឱ្យទីផ្សារទុរេនក្នុងស្រុកកាន់តែរីកចម្រើន ហើយប្រជាពលរដ្ឋក៏ទទួលបានទុរេនរបស់ខ្មែរពិតៗ។ សម្រាប់ចម្ការទុរេននៅខេត្តកោះកុងនឹងប្រមូលអស់នៅចុងខែឧសភានេះ ដែលរំពឹងថា នឹងផ្តល់ផលប្រមាណចន្លោះពី៧០ ទៅ ៨០ តោន។
ដោយឡែក លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្ថិតខេត្តកំពង់ចាម ប្រាប់ BTV ថា ទិន្នផលទុរេនរបស់សហគមលោកឆ្នាំនេះ គឺទទួលបានផលល្អ ដែលមានចំនួន ៤ ០០០ តោន កើនឡើងប្រមាណ ៣០% បើធៀបនឹងឆ្នាំមុន។ សម្រាប់ទុរេនបែកអន្លូង បានចាប់ផ្តើមប្រមូលផលជាបណ្តើៗហើយ តែប្រមូលផលពេញលេញគឺចាប់ពីចុងខែឧសភានេះតទៅ។ សហគមន៍ទុរេនបែកអន្លូង មានផ្ទៃដីទុរេនប្រមូលផលប្រមាណ ៣២០ ហិកតា។
របាយការណ៍ក្រសួងកសិកម្ម បង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជាមានផ្ទៃដីដាំដុះទុរេនមានចំនួន ១៦ ១៩៣ហិកតា និងផ្តល់ផលទុរេនប្រមាណ ១៣៥ ៥៤៦តោន។ បើតាម ប្រធានសហគមន៍ទុរេនបែកអន្លូង ក្រៅពីទុរេនផ្គត់ផ្គង់ក្នុងស្រុក ទុរេនសហគមន៍បែកអន្លូង ក៏បាននាំចេញទៅទីផ្សារប្រទេសចិនប្រមាណ២ ទូរកុងតឺន័រ ស្មើនឹងប្រមាណ ៤០ ទៅ ៦០ តោន កាលពីថ្មីៗនេះ៕ អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល