ព័ត៌មាន
ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2
ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2 (Health Information Management System – DHIS2)។

ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងថា យុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល គឺមិនមែនត្រឹមតែផ្តោតលើបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះតែមួយមុខទេ ប៉ុន្តែគឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យមានសុវត្ថិភាព ប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ដែលនាំទៅដល់ការកែលម្អលទ្ធផលសុខភាពប្រជាពលរដ្ឋ ការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ព្រមទាំងការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល តាមរយៈនវានុវត្តន៍ស្តង់ដាថ្មីសម្រាប់សមិទ្ធកម្ម និងគណនេយ្យភាពនៃប្រព័ន្ធ។ ទិន្នន័យ គឺជាទ្រព្យរបស់ជាតិដ៏មានតម្លៃ ដែលជំរុញកំណើន និងផលិតភាពសេដ្ឋកិច្ច ព្រមទាំងភាពប្រសើរឡើង នៃសុខុមាលភាពសង្គម នៅពេលដែលទិន្នន័យត្រូវបានប្រើប្រាស់ប្រកបដោយសមភាព និងប្រសិទ្ធិភាព។ ក្នុងវិស័យសុខាភិបាលការប្រើប្រាស់ជាប្រចាំនូវទិន្នន័យ ដែលមានគុណភាព ពេញលេញ និងជឿទុកចិត្តបាន នឹងគាំទ្រដល់ការសម្រេចចិត្តគ្លីនិកការអង្កេតតាមដានឆ្លើយតបជំងឺអន្តរាគមន៍កម្មវិធីសុខភាពសាធារណៈ ការរៀបចំផែន ការ ការអភិវឌ្ឍគោលនយោបាយ យុទ្ធសាស្ត្រ ការតាមដាន និងការវាយតម្លៃសមិទ្ធកម្មនៃប្រព័ន្ធសុខាភិបាល។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់អនុសាសន៍មួយចំនួនក្នុងការបន្តជំរុញវឌ្ឍនភាពនៃបរិវត្តកម្មសុខាភិបាលឌីជីថល ដូចខាងក្រោម៖ ១-ពង្រឹងអភិបាលកិច្ចសុខាភិបាលឌីជីថល និងការធ្វើសមាហរណកម្ម នៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចទិន្នន័យ សន្តិសុខសាយប័រ និងអន្តរប្រតិបត្តិការ។ ២-ជំរុញការធ្វើសមាហរណកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងដំណោះស្រាយសុខាភិបាលឌីជីថល។ ៣-ពន្លឿនអន្តរកាលពីការប្រើប្រាស់ការកត់ត្រាលើក្រដាស់ ទៅជាការកត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិច នៅគ្រប់មូលដ្ឋានសុខាភិបាល និងពង្រឹងការអនុវត្ត ប្រកបដោយប្រសិទ្ធិភាព និងសង្គតិភាព។ ៤-ការបន្តពង្រឹងមុខងារប្រព័ន្ធ HMIS-DHIS2 ក្នុងការប្រើប្រាស់ទិន្នន័យភូមិសាស្ត្របច្ចេកវិទ្យា ដំណើរការរៀបចំទិន្នន័យលំហភូមិសាស្រ្ត ក្នុងការកត់ត្រា រក្សាទុក និងចែករំលែកទិន្នន័យ ជាទម្រង់ផ្សេងៗ។ ៥-ជំរុញបន្ថែម ការរៀនសូត្រចេញពីប្រព័ន្ធសុខាភិបាល តាមរយៈការលើកកម្ពស់វប្បធម៌នៃការប្រើប្រាស់ជាប្រចាំនូវទិន្នន័យ និងភ័ស្តុតាង ដើម្បីកែលម្អរំហូរការងារ និងលើកកម្ពស់ការសម្រេចចិត្តឱ្យកាន់តែប្រសើរ សំដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល។ ៦-លើកកម្ពស់កិច្ចសហការអន្តរវិស័យ និងពហុវិស័យ ដើម្បីកសាងប្រព័ន្ធសុខាភិបាលឌីជីថល ក្នុងអេកូឡូស៊ីមួយរឹងមាំ និងមាននិរន្តរភាព។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលរាជធានី ខេត្ត តំណាងនាយកដ្ឋាន នៃក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា តំណាងអង្គការ UNICEF អង្គការ CHAI អង្គការ GAVI និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ សរុបចំនួន ២៤៦រូប និងតាមប្រព័ន្ធនិម្មិត zoom ចំនួន ១៥០០រូប៕ អត្ថបទ រដ្ឋា

-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា