ព័ត៌មាន
និស្សិតជាង៤០០អង្គ/នាក់ ឈ្វេងយល់ពីសាកលវិទ្យាល័យក្នុងទីអារាមតាំងពីបុរាណ និងសម័យ AI
ភ្នំពេញ៖ សមណនិស្សិត និងសិស្សនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ប្រមាណជាង ៤០០អង្គ/នាក់ បានចូលរួមសិក្សាឈ្វេងយល់ពីសាកលវិទ្យាល័យ ក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបុរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាមានវាគ្មិនជំនាញ ដើម្បីធ្វើការពន្យល់បន្ថែម ពីការវិវត្តន៍ជាបន្តបន្ទាប់ នៃវប្បធម៌ អរិយធម៌ និងបច្ចេកវិទ្យាវិវឌ្ឍន៍ថ្មីទាំងអស់នេះ ។
ក្នុងសិក្ខាសាលាស្តីពី “សាកលវិទ្យាល័យ ក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបុរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត” នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា បានថ្លែងថា សិក្ខាសាលានេះ ដើម្បីយល់ដឹងពីការតភ្ជាប់ស្ពានមរតអរិយធម៌ដ៏រុងរឿង ដែលបុរសខ្មែរបានសាងទុក មកកាន់យុគសម័យនៃបដិវត្តន៍ឌីជីថល ដែលជាការពិនិត្យពិចារណាឡើងវិញនូវ “វិញ្ញាណនៃប្រាជ្ញា” ដែលបានចាក់គ្រឹះយ៉ាងរឹងមាំ តាំងពីសម័យមហានគរ ដែលកាលនោះវត្តអារាម និងពុទ្ធិកសាកលវិទ្យាល័យ គឺជាបេះដូងនៃពហុវិជ្ជា សីលធម៌ និងការកសាងគ្រឹះសង្គមជាតិ ។
ឯកឧត្តមបានបន្តថា ការលើកយកប្រធានបទនេះមកបង្ហាញ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា មិនត្រឹមតែរក្សានូវអត្តសញ្ញាណដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពដើរទន្ទឹមនឹងវឌ្ឍនភាពបច្ចេកវិទ្យាពិភពលោក ដើម្បីតម្រង់ទិសដៅការអប់រំក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ឲ្យមានការរួមបញ្ចូលគ្នារវាង “បញ្ញាបច្ចេកវិទ្យា” ជាមួយនឹង “ករុណាធម៌ និងមនសិការ” របស់មនុស្សជាតិ ដែលជាគោលការណ៍គ្រឹះ នៃពុទ្ធសាសនា ។
ឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានប្រសាសន៍ថា សម្រាប់បទបង្ហាញពាក់ព័ន្ធនឹងសាកលវិទ្យាល័យ ក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបុរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត មានចំនួន៥ចំណុចសំខាន់ៗ ទី១. បង្ហាញពីអង្គរ ក្នុងនាមជាអរិធម៌ វិជ្ជាការ និងប្រាជ្ញាញាណ, ទី២. បង្ហាញពីរបៀប ដែលប្រាជ្ញាញាណទាំងនេះ ត្រូវបានរៀបចំគ្រឹះស្ថានសិក្សា តាមរយៈអាស្រម និងពុទ្ធិកសាកលវិទ្យាល័យ, ទី៣. ទាញយកនូវគោលការណ៍គ្រឹះសំខាន់ គឺបញ្ញាញាណត្រូវដើរមុនព័ត៌មាន និងសីលធម៌ត្រូវដើរមុនបច្ចេកទេស, ទី៤. ធ្វើការប្រៀបធៀបចំណុចនេះ និងប្រព័ន្ធអប់រំសម័យទំនើប និងបញ្ញាដែលដឹកនាំដោយបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតដែលខ្វះនូវបញ្ញាញាណ និងទី៥. លើកឡើងនូវទស្សនទានអំពីសាកលវិទ្យាល័យ នាពេលអនាគត ដែលផ្សារភ្ជាប់ឡើងវិញ រវាងបច្ចេកទេស AI សីលធម៌ និងការទទួលខុសត្រូវរបស់ខ្លួន និងប្រទេសជាតិ ។
ឯកឧត្តមសាស្ត្រាចារ្យ បានបន្ថែមថា ការពិភាក្សានៅក្នុងសិក្ខាសាលា ស្តីពីសាកលវិទ្យាល័យ ក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបុរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត ពេលនេះ បានធ្វើឲ្យយើងផ្សារភ្ជាប់នូវបញ្ញាញាណព្រះពុទ្ធសាសនាដ៏បុរាណ ជាមួយនឹងអនាគតអប់រំបច្ចេកវិទ្យា និងមនុស្សជាតិ ។
គួរបញ្ជាក់ថា នៅក្នុងយុគសម័យអន្តរកាលនាពេលបច្ចុប្បន្ននេះ ការអប់រំត្រូវតែជាដំណើរការ នៃការចម្រាញ់ “ព័ត៌មាន” ឲ្យទៅជា “ប្រាជ្ញា” ។ ខណៈពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងបង្ហាញពីសមត្ថភាពដ៏មហិមាក្នុងការគណនា និងវិភាគទិន្នន័យ គឺកាន់តែត្រូវការចាំបាច់នូវវិជ្ជាករុណាធម៌ និងមនសិការបែបមនុស្សជាតិ ដើម្បីតម្រង់ទិសបច្ចេកវិទ្យាទាំងនោះ ឲ្យបម្រើផលប្រយោជន៍រួម ។
សម្រាប់បទបឋកថា នៅក្នុងសិក្ខាសាលានេះ នឹងក្លាយជាការតម្រង់ទិសសាកលវិទ្យាល័យក្នុងយុគសម័យ AI ឲ្យមានការរួមបញ្ចូលគ្នារវាង “បញ្ញាបច្ចេកវិទ្យា” ជាមួយនឹង “វិជ្ជា” ករុណាធម៌ និងមនសិការទទួលខុសត្រូវ របស់មនុស្សជាតិ ។ AI អាចមានខួរក្បាលគណនាដ៏ស្មុគស្មាញ ប៉ុន្តែ AI មិនមាន “បេះដូង” និង “មេត្តាធម៌” ដូចមនុស្សឡើយ ហើយការអប់រំនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា មានតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញចន្លោះ និងកង្វះខាតទាំងអស់នេះ ដើម្បីធានាថា ការរីកចម្រើនបច្ចេកវិទ្យា បម្រើដល់ឧត្តមប្រយោជន៍របស់មនុស្សជាតិ ៕ អត្ថបទ បាន សុខរិទ្ធិ









-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ