ព័ត៌មាន
ក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ
(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងផ្តល់ «ឱកាសពិសេស» ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ចំណូលខ្ពស់។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធនិងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយុវជនប្រមាណជិត ៧០០នាក់។
ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា នៅក្នុងវេទិកាការងារនាស្រុកគូលែននេះ មានតំណាងរោងចក្រ និងសហគ្រាសធំៗចំនួន ៣ បានចុះមកជ្រើសរើសបុគ្គលិកដោយផ្ទាល់នូវកម្លាំងពលកម្មសរុបជាង ៥ ០០០កន្លែង ក្នុងចំណោមឱកាសការងារសរុបទូទាំងប្រទេសដែលមានរហូតដល់ជាង ៩ម៉ឺនកន្លែង។
ជាមួយគ្នានេះ ឯកឧត្តមបានលើកយកនូវចំណុចប្រៀបធៀបយ៉ាងក្បោះក្បាយរវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយបានពន្យល់ថា ការចេញទៅធ្វើការនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង អំពើហិង្សា ការរស់នៅឆ្ងាយពីក្រុមគ្រួសារ និងកង្វះការគាំពារសុខភាពទាំងបច្ចុប្បន្ន និងអនាគត។ ដោយឡែក សម្រាប់ការងារក្នុងស្រុកវិញ ក្រៅពីជាគ្រឹះដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចគ្រួសារ និងការរស់នៅជួបជុំគ្នាយ៉ាងកក់ក្តៅ បងប្អូនកម្មករនិយោជិតនឹងទទួលបាននូវរបបសន្តិសុខសង្គម (ប.ស.ស.) ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីថ្ងៃចូលធ្វើការ រួមមាន៖ ការគាំពារផ្នែកហានិភ័យការងារ សេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងរបបប្រាក់សោធន (ប្រាក់ចូលនិវត្តន៍) ដូចមន្ត្រីរាជការដែរ ដែលជួយសម្រាលបន្ទុកគ្រួសារ និងធានាបាននូវជីវភាពសមរម្យនៅវ័យជរា។ ឯកឧត្តមបានរំលេចថា ការមានបណ្ណ ប.ស.ស. នឹងលើកទឹកចិត្តឱ្យបងប្អូនទៅពិនិត្យសុខភាពបានទៀងទាត់ ដែលជាកត្តាជួយឱ្យសុខភាពកាន់តែប្រសើរ និងបង្ការជំងឺធ្ងន់ធ្ងរបានទាន់ពេលវេលា។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់អតីតពលករត្រឡប់មកពីប្រទេសថៃ ឱ្យងាកមកសាកល្បងចាប់យកឱកាសការងារក្នុងស្រុកដែលកំពុងផ្តល់ជូននេះ ដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារជាបណ្តោះអាសន្ន ឬអាចសម្រេចចិត្តដាក់ពាក្យទៅធ្វើការនៅប្រទេសផ្សេងៗដែលមានប្រាក់ខែខ្ពស់ និងមានសុវត្ថិភាពជាង ដូចជានៅប្រទេសជប៉ុន កូរ៉េ សិង្ហបុរី ឬអ៊ីស្រាអែល ជាដើម។ ឯកឧត្តមបានរំឭកថា ចំណុចនេះមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់បងប្អូនក្នុងខេត្តព្រះវិហារ ដែលធ្លាប់ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមឈ្លានពានរបស់ភាគីថៃនាពេលកន្លងមក។
ក្នុងករណីដែលយុវជន ឬអតីតពលករមិនមានបំណងធ្វើការតាមរោងចក្រ ឬចេញទៅក្រៅប្រទេស ឯកឧត្តមបានណែនាំឱ្យជ្រើសរើសយកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET ១,៥ លាននាក់) ដែលជាកម្មវិធីសិក្សាដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។ ជំនាញទាំងនោះរួមមាន៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ការដុតនំ និងឆុងកាហ្វេជាដើម ដើម្បីយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ការមានជំនាញពិតប្រាកដ គឺជាគ្រឹះដ៏រឹងមាំក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង»។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋកត់ត្រា និងចងចាំលេខទូរស័ព្ទ Hotline ១២៩៧ របស់ក្រសួងការងារ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះរកការងារ ឬសាកសួរព័ត៌មានផ្សេងៗ៕









-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន