ព័ត៌មាន
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
(ស្វាយរៀង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន ៧៥៨អង្គ/នាក់ (ស្រី ២៩៣នាក់) ក្នុងចំណោមសិស្ស-និស្សិត សរុប ២ ៧២៥នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលក្នុងនោះរួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។
ក្នុងកម្មវិធីដែលមានអ្នកចូលរួមជិត ១ ៥០០នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភីនិងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាទីមោទនៈរបស់វិទ្យាស្ថានដែលបានបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់។ ជោគជ័យនេះកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាប់យកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET) ធ្វើជា “ស្ពានចម្លង” សម្រាប់កសាងអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្មួយៗ មាតាបិតា ក៏ដូចជាអាណាព្យាបាលគឺជាសាក្សីរស់ និងជាអ្នកផ្សព្វផ្សាយដ៏មានឥទ្ធិពលនៅថ្នាក់មូលដ្ឋានដែលបញ្ជាក់យ៉ាងច្បាស់ថា ការសិក្សា TVET ជាពិសេសកម្មវិធី ១,៥លាននាក់ គឺជាការជ្រើសរើសប្រកបដោយភាពវៃឆ្លាត ដោយសារតែការសិក្សាមានរយៈពេលខ្លី និងទទួលបានប្រាក់ខែឆាប់ៗ អាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងជួយបំពេញតម្រូវការកម្លាំងពលកម្មជំនាញនៅកម្ពុជា ក៏ដូចជាជួយទាក់ទាញការវិនិយោគផងដែរ។
ទន្ទឹមនេះ ឯកឧត្តមក៏បានរំលេចពីអត្ថប្រយោជន៍ជាច្រើននៃកម្មវិធី ១,៥លាននាក់ ដែលជាអាទិភាពមួយក្នុងការកសាងមូលធនមនុស្សរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវជីវភាពសមរម្យដល់ពលរដ្ឋនិងសម្រេចគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” និងអភិក្រម “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ”។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ទោះបញ្ចប់ការសិក្សា ក្មួយៗសុទ្ធតែនៅមានឱកាសពង្រឹងសមត្ថភាព ផ្លាស់ប្តូរជំនាញ និងពង្រឹងជំនាញបន្ថែមទៀតនៅវិទ្យាស្ថាននេះឬសាលា TVETផ្សេងដើម្បីបំពេញតម្រូវការនៃកំណើនពលកម្មជំនាញទាំងក្នុងស្រុក តំបន់ និងសកល ដែលរួមចំណែកដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ជាពិសសជួយសម្រេចទស្សនវិស័យជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ លើសពីនេះ ការទទួលសញ្ញាបត្រនេះ គឺគ្រាន់តែជាការបញ្ចប់ការសិក្សានៅសាលាតែប៉ុណ្ណោះ ប៉ុន្តែក្មួយៗនៅតែបន្តការរៀនសូត្របន្ថែមទៀតនៅក្នុងពិភពការងារ និងសង្គម ដែលឯកឧត្តមចាត់ទុកថា “រៀនដោយឥតគ្រូ ដោយគ្មានរូបមន្តច្បាស់លាស់”។ ជាមួយនឹងអ្នករួមអាជីពការងារ ឯកឧត្តម ហេង សួរ បានជំរុញយុវជនត្រូវចេះពីការធ្វើទំនាក់ទំនង ការងារជាក្រុម និងសម្របសម្រួល ជាពិសេសត្រូវពូកែអង្កេត និងច្បិចយកចំណុចល្អៗរបស់ថ្នាក់ដឹកនាំខ្លួនមកកែច្នៃប្រើប្រាស់ ដើម្បីទទួលបានជោគជ័យក្នុងការងាររបស់ខ្លួន។
នៅក្នុងយុគសម័យឌីជីថលដែលទូរស័ព្ទដៃឆ្លាតវៃកំពុងក្លាយជា “ឃ្លាំងព័ត៌មាន” ឯកឧត្តមរដ្ឋមន្រ្តីបានក្រើនរំលឹកដល់យុវជនកុំចំណាយពេលច្រើនពេកលើបណ្តាញសង្គម ប៉ុន្តែត្រូវប្រើប្រាស់វាក្នុងការសិក្សាស្រាវជ្រាវ និងរៀនពីកម្មវិធីផ្សេងៗដោយខ្លួនឯងជាពិសេស បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនចំណេះដឹងបច្ចេកទេស ដែលជួយសម្រួលដល់ការបំពេញការងារ។ ឯកឧត្តម ហេង សួរ ក៏បានស្នើឱ្យវិទ្យាស្ថានខិតខំពង្រីកភាពជាដៃគូជាមួយនឹងសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន កសិដ្ឋាន យានដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ឱ្យបានរឹតតែច្រើនបន្ថែមទៀត។ ជាមួយនឹងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ចនៃខេត្តស្វាយរៀង ដែលបានក្លាយជាខេត្តតារារះមួយនៅទិសខាងកើត ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងការងារនឹងខិតខំកៀរគរធនធានថវិកាដើម្បីបង្កើតជាវិទ្យាស្ថាន TVET មួយនៅក្នុងស្រុករមាសហែកនាពេលខាងមុខ ដែលជាការផ្តល់ឱកាសនិងជម្រើសថ្មីដល់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាជួយអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។
នាឱកាសនេះ លោក ម៉ែន អេង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថា ចំណេះដឹង ជំនាញរបស់ប្អូនៗដែលជាអ្នកបច្ចេកទេសនេះ គឺពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារនៅខេត្តស្វាយរៀង ដែលកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដោយមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេនៅកម្ពុជាជាមួយនឹងបុគ្គលិក កម្មករជាង ១៦ម៉ឺននាក់។ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃវិទ្យាស្ថាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល គ្រប់គ្រង និងផ្តល់សេវា TVET ទៅតាមតម្រូវការទីផ្សារការងារ។ វិទ្យាស្ថានបានប្តេជ្ញាខិតខំបង្កើនការចុះឈ្មោះចូលរៀនរបស់សិស្សនិស្សិតឱ្យបានគ្រប់កម្រិតសិក្សា ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលឱ្យស្របនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យា៕












-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា