Connect with us

ព័ត៌មាន

ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន ៧៥៨អង្គ/នាក់ (ស្រី ២៩៣នាក់) ក្នុងចំណោមសិស្ស-និស្សិត សរុប ២ ៧២៥នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលក្នុងនោះរួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។

ក្នុងក​ម្មវិធីដែលមានអ្នកចូលរួមជិត ១ ៥០០នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភីនិងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាទីមោទនៈរបស់វិទ្យាស្ថានដែលបានបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់។ ជោគជ័យនេះកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាប់យកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET) ធ្វើជា “ស្ពានចម្លង” សម្រាប់កសាងអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្មួយៗ មាតាបិតា ក៏ដូចជាអាណាព្យាបាលគឺជាសាក្សីរស់ និងជាអ្នកផ្សព្វផ្សាយដ៏មានឥទ្ធិពលនៅថ្នាក់មូលដ្ឋានដែលបញ្ជាក់យ៉ាងច្បាស់ថា ការសិក្សា TVET ជាពិសេសកម្មវិធី ១,៥លាននាក់ គឺជាការជ្រើសរើសប្រ​កបដោយភាពវៃឆ្លាត ដោយសារតែការសិក្សាមានរយៈពេលខ្លី និងទទួលបានប្រាក់ខែឆាប់ៗ អាចផ្គត់ផ្គង់ជីវភាពគ្រួ​សារ និងជួយបំពេញតម្រូវការកម្លាំងពលកម្មជំនាញនៅកម្ពុជា ក៏ដូចជាជួយទាក់ទាញការវិនិយោគផងដែរ។

ទន្ទឹមនេះ ឯកឧត្តមក៏បានរំលេចពីអត្ថប្រ​យោ​ជន៍ជាច្រើននៃកម្មវិធី ១,៥លាននាក់ ដែលជាអាទិភាពមួយក្នុងការកសាងមូលធនមនុស្សរបស់រាជរដ្ឋាភិបាលក្នុងអា​ណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវជីវភាពសមរម្យដល់ពលរដ្ឋនិងសម្រេចគោលដៅ “ពលរដ្ឋម្នាក់មានជំ​នាញមួយយ៉ាងតិចប្រចាំជីវិត” និងអភិក្រម “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ”។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ទោះបញ្ចប់ការសិក្សា ក្មួយៗសុទ្ធតែនៅមានឱកាសពង្រឹងសមត្ថភាព ផ្លាស់ប្តូរជំនាញ និងពង្រឹងជំនាញបន្ថែមទៀតនៅវិទ្យាស្ថាននេះឬសាលា TVETផ្សេងដើម្បីបំពេញតម្រូវការនៃកំណើនពលកម្មជំនាញទាំងក្នុងស្រុក តំបន់ និងសកល ដែលរួមចំណែកដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ជាពិសសជួយសម្រេចទ​ស្សនវិស័យជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ លើសពីនេះ ការទទួលសញ្ញាបត្រនេះ គឺគ្រាន់តែជាការបញ្ចប់ការសិក្សានៅសា​លាតែប៉ុណ្ណោះ ប៉ុន្តែក្មួយៗនៅតែបន្តការរៀនសូត្របន្ថែមទៀតនៅក្នុងពិភពការងារ និងសង្គម ដែលឯកឧត្តមចាត់ទុកថា “រៀនដោយឥតគ្រូ ដោយគ្មានរូបមន្តច្បាស់​លាស់”។ ជាមួយនឹងអ្នករួមអាជីពការងារ ឯកឧត្តម ហេង សួរ បានជំរុញយុវជនត្រូវចេះពីការធ្វើទំនាក់ទំនង ការងារជាក្រុម និងសម្របសម្រួល ជាពិសេសត្រូវពូកែអង្កេត និងច្បិចយកចំណុចល្អៗរបស់ថ្នាក់ដឹកនាំខ្លួនមកកែច្នៃប្រើប្រាស់ ដើម្បីទទួលបានជោគជ័យក្នុងការងាររបស់ខ្លួន។

នៅក្នុងយុគសម័យឌីជីថលដែលទូរស័ព្ទដៃឆ្លាតវៃកំពុងក្លាយជា “ឃ្លាំងព័ត៌មាន” ឯកឧត្តមរដ្ឋមន្រ្តីបានក្រើនរំលឹកដល់យុវជនកុំចំណាយពេលច្រើនពេកលើបណ្តាញសង្គម ប៉ុន្តែត្រូវប្រើប្រាស់វាក្នុងការសិក្សាស្រាវជ្រាវ និងរៀនពីកម្មវិធីផ្សេងៗដោយខ្លួនឯងជាពិសេស បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនចំណេះដឹងបច្ចេកទេស ដែលជួយសម្រួលដល់ការបំពេញការងារ។ ឯកឧត្តម ហេង សួរ ក៏បានស្នើឱ្យវិទ្យាស្ថានខិតខំពង្រីកភាពជាដៃគូជាមួយនឹងសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន កសិដ្ឋាន យានដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ឱ្យបានរឹតតែច្រើនបន្ថែមទៀត។ ជាមួយនឹងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ចនៃខេត្តស្វាយរៀង ដែលបានក្លាយជាខេត្តតារារះមួយនៅទិសខាងកើត ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងការងារនឹងខិតខំកៀរគរធនធានថវិកាដើម្បីបង្កើតជាវិទ្យាស្ថាន TVET មួយនៅក្នុងស្រុករមាសហែកនាពេលខាងមុខ ដែលជាការផ្តល់ឱកាសនិងជម្រើសថ្មីដល់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាជួយអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។

នាឱកាសនេះ លោក ម៉ែន អេង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថា​ ចំណេះដឹង ជំនាញរបស់ប្អូនៗដែលជាអ្នកបច្ចេកទេសនេះ គឺពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារនៅខេត្តស្វាយរៀង ដែលកំ​ពុ​ងក្លាយ​ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដោយមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេនៅកម្ពុជាជាមួយនឹងបុគ្គលិក កម្មករជាង ១៦ម៉ឺននាក់។ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃវិទ្យាស្ថាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល គ្រប់គ្រង និងផ្តល់សេវា TVET ទៅតាមតម្រូវការទីផ្សារការងារ។ វិទ្យាស្ថានបានប្តេជ្ញាខិតខំបង្កើនការចុះឈ្មោះចូលរៀនរបស់សិស្សនិស្សិតឱ្យបានគ្រប់កម្រិតសិក្សា ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលឱ្យស្របនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia