ព័ត៌មាន
សម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
ក្នុងថ្ងៃទី២ នៃបេសកកម្មមនុស្សធម៌ ចូលរួមសម្រាលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក ស្ថិតនៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ដាវិត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា (អ.រ.ស) និងជាប្រធានយុវជនគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា អ.រ.ស ដែលទទួលការស្វាគមន៍ និងចូលរួមដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដាំដើមឈើ ដំឡើងអំពូលសូឡាបំភ្លឺក្នុងភូមិ អញ្ជើញពិនិត្យការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន និងអញ្ជើញចែកសម្ភារៈសិក្សា មានតុ កៅអី កុំព្យូទ័រ ម៉ាស៊ីនព្រីនធឺ និងថ្នាំពេទ្យ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យផងដែរ។
ឯកឧត្តម អុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់យុវជនគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានស្ម័គ្រចិត្ត ចំណាយពេលវេលា ថវិកា និងកម្លាំងកាយចិត្ត ធ្វើសកម្មភាពមនុស្សធម៌លើកទឹកចិត្ត និងស្វែងយល់សុខទុក្ខពលរដ្ឋភៀសសឹកនៅគ្រាលំបាក ដោយផ្ទាល់នៅពេលនេះ។ ឯកឧត្តមបានរាយការណ៍ពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋភៀសសឹកជាង ២ពាន់គ្រួសារ ដែលកំពុងស្នាក់នៅ បណ្តោះអាសន្ន ក្នុងលំនៅដ្ឋានសម្រាប់ចែកជូនអតីតយុទ្ធជន និងនិវត្តន៍ជនក្នុងភូមិស្លក្រាមនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ពលរដ្ឋទាំងអស់នេះមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់បាននោះឡើយ ដោយសារការគ្រប់គ្រងដោយខុសច្បាប់របស់ទាហានថៃ។
ការរស់នៅបណ្តោះអាសន្នរបស់ពលរដ្ឋភៀសសឹកទាំងអស់នៅទីនេះ បានទទួលការយកចិត្តទុកដាក់ជាទីបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលបានតបណ្តាញទឹក អគ្គិសនី កសាងប្រព័ន្ធលូ ផ្លូវគមនាគមន៍ ផ្តល់សេវាសុខាភិបាល និងការអប់រំជូនពលរដ្ឋបានប្រសើរជាលំដាប់ ធ្វើឱ្យការរស់នៅរបស់ពលរដ្ឋនៅទីនេះមានភាពកក់ក្តៅ និងជឿជាក់បំផុតលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈយន្តការទូត សន្តិវិធី និងអត់ធ្មត់ “ស្ងាត់តែមិនស្ងៀម” ដែលកំពុងទទួលបានប្រៀបឈ្នះជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះ ឯកឧត្តម ឃួន ដាវិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រី និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនទាំងអស់គ្នាដែលមានវត្តមានក្នុងអង្គពិធីទាំងមូល។
ឯកឧត្តមបានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់ តែងតែគិតគូរ និងខ្វល់ខ្វាយជាប់ជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនទាំងអស់។ សកម្មភាពមនុស្សធម៌ដែលយុវជនគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភាធ្វើនៅពេលនេះ គឺជាវប្បធម៌មិនបោះបង់ពលរដ្ឋណាម្នាក់ចោលរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមប្រធានយុវជនគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្តាំផ្ញើជូនពលរដ្ឋឱ្យខិតខំក្រេបជញ្ជក់លើការសិក្សាជំនាញផលិតសាប៊ូលាងចាន ដែលជាតម្រូវការប្រចាំថ្ងៃក្នុងសហគមន៍។ ចេះជំនាញនេះ អាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបាន និងចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋក្នុងភូមិ ដោយសារផលិតផលក្នុងមូលដ្ឋាននឹងមានតម្លៃទាបជាងទីផ្សារ។
ឯកឧត្តម ឃួន ដាវិត បានលើកទឹកចិត្តកុមារា កុមារី និងយុវជន ឱ្យខិតខំរៀនសូត្រ ពីព្រោះថាចំណេះវិជ្ជាមានសារៈសំខាន់នៅក្នុងជីវិត និងដើម្បីកសាងបានធនធានមនុស្សប្រកបដោយសមត្ថភាព និងសីលធម៌។
សម្ភារៈដែលយុវជនគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភាចែកជូនសិស្សានុសិស្ស សាលារៀននិងមណ្ឌលសុខភាព នៅក្នុងឱកាសនេះ មានកុំព្យូទ័រ១១គ្រឿង, ម៉ាស៊ីនព្រីនធឺ៥គ្រឿង, កង់ ១០០គ្រឿង, សៀវភៅសរសេរ ១,៥០០ក្បាល, ប៊ិច ៣,០០០ដើម, ខ្មៅដៃ ១,៥០០ដើម, កៅអីបត់ ១៤៤គ្រឿង, រទេះជនពិការ ១០គ្រឿង និងអំពូល
សូឡា ១០គ្រឿង។
សូមជម្រាបថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ យុវជនគណបក្សប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំកម្មវិធី «ចូលរួមលើកកម្ពស់ជីវភាព បរិស្ថាន និងប្រឹក្សាយោបល់ជាមួយពលរដ្ឋភៀសសឹក» ក្នុងគោលបំណងផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋភៀសសឹក។ តាមរយៈកម្មវិធីនេះ យុវជនអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមដាំដើមឈើចំនួន ៣០០ដើម នៅតាមផ្លូវសាធារណៈក្នុងភូមិ ផ្តល់ដើមឈើហូបផ្លែ និងបន្លែ ១០មុខ ជូនគ្រួសារជនភៀសសឹកដែលមានពិការភាពចំនួន២០០គ្រួសារ និងអប់រំជំនាញផលិតសាប៊ូដល់គ្រួសារពលរដ្ឋចំនួន ៥៤គ្រួសារ ដើម្បីឱ្យពួកគាត់មានមុខរបរ អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។
បន្ទាប់មក ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា អមដំណើរដោយ ឯកឧត្តម អុំ រាត្រី បានចុះពិនិត្យដោយផ្ទាល់តំបន់ឈ្លានពាន និងគ្រប់គ្រងដោយខុសច្បាប់របស់យោធាថៃលើដែនអធិបតេយ្យកម្ពុជានៅក្នុងភូមិព្រៃចាន់និងភូមិជោគជ័យ ផងដែរ៕















-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ