ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកយុវជនត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យប្រុងប្រយ័ត្ន កុំចែករំលែកព័ត៌មានគ្មានប្រភពផ្លូវការ និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល
ភ្នំពេញ៖ ការផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដំណាក់កាលទី២ ដោយចាប់ផ្ដើមពីគ្រឹះស្ថានសិក្សា ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់ស្រទាប់យុវវ័យសំដៅប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយក្នុងស្រទាប់យុវជន និងសិស្សានុសិស្ស តាមរយៈការចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។ ដូច្នេះ សូមយុវជនត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យប្រុងប្រយ័ត្ន កុំចែករំលែកព័ត៌មានគ្មានប្រភពផ្លូវការ និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។
ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីព័ត៌មាន បានធ្វើឡើងក្នុងឱកាសដឹកនាំពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរក្រសួងព័ត៌មានទូទៅទាំងរាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន២ ៥០០នាក់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើឱ្យសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃ ត្រូវតាមដានព័ត៌មានដែលផ្តល់តម្លៃសម្រាប់ការសិក្សា និងប្រើប្រាស់បណ្តាញសង្គមឱ្យមានសណ្តាប់ធ្នាប់ ឱ្យមានប្រយោជន៍ននៅក្នុងសង្គម ពោលគឺចែករំលែកព័ត៌មានចំណេះដឹងផ្សេងដល់ក្រុមគ្រួសារ និងមិត្តភក្តិ ជាពិសេសត្រូវចូលរួមទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយរបស់យុវជន និងប្រជាពលរដ្ឋនឹងចូលរួមចំណែកយ៉ាងសំខាន់ដើម្បីឱ្យសង្គមជាតិ មានសន្តិសុខ សណ្តាប់ និងរបៀបរៀបរយល្អ ក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចែករំលែកដល់សិស្សានុសិស្ស ថា ដើម្បីសម្គាល់ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ គឺត្រូវមើលប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ពីមន្ត្រីរាជរដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ឱ្យសូមចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្ដាំសិស្សានុសិស្សកុំបន្តចែករំលែក កុំផ្សព្វផ្សាយនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ឱ្យសោះ ដោយលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ត្រូវពិនិត្យប្រភពឱ្យច្បាស់លាស់ មុននឹងចែករំលែកព័ត៌មាន»។ប្រឈមមុខនឹងហានិភ័យឌីជីថល និងព័ត៌មានក្លែងក្លាយក្នុងបរិយាកាសដែលបច្ចេកវិទ្យាមានការវិវត្តយ៉ាងរហ័ស យុវវ័យចាំបាច់ត្រូវអភិវឌ្ឍផ្នត់គំនិតតាមអភិក្រមសុវត្ថិភាពព័ត៌មានដែលទាមទារឱ្យចេះ គិតពិចារណា និងការយល់ដឹងច្បាស់អំពីប្រព័ន្ធឌីជីថល មធ្យោបាយទទួលព័ត៌មានជំនួសឱ្យទម្លាប់នៃការ ទទួលយកព័ត៌មានដោយអកម្ម។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលេចថា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» គឺជាយុទ្ធនាការដ៏មានសារសំខាន់បំផុត ក្នុងបរិបទដែលប្រជាជន រួមទាំងស្រទាប់យុវជន មានការពេញនិយមក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាពិសេសការប្រើប្រាស់ទូរសព្ទទំនើបស្ទើរគ្រប់គ្នា ខណៈបញ្ហាប្រឈមក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ក៏បានជះឥទ្ធិពលអវិជ្ជមានច្រើន ប្រសិនបើមិនមានការអប់រំណែនាំ និងពង្រឹងផ្នែកអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទេនោះ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា៖ «យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។ ក្មួយៗត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏រឹងមាំដើម្បីបន្សុទ្ធលំហព័ត៌មានក្នុងសង្គម ការពារគ្រួសារ និងសហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម»។
គួរកត់សម្គាល់ថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ គឺជាការអនុវត្តនូវយន្តការប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដើម្បីលើកកម្ពស់សន្តិសុខព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សំដៅធានាបាននូវការការពារសិទ្ធិទទួលបានព័ត៌មានពិត និងត្រឹមត្រូវរបស់ពលរដ្ឋគ្រប់ៗរូប៕
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន