ព័ត៌មាន
វិស័យស្រូវអង្ករត្រូវការដើមទុនប្រមាណ ៤០០លានដុល្លារអាម៉េរិក ដើម្បីប្រមូលទិញស្រូវពីកសិករនៅឆ្នាំនេះ
វិស័យស្រូវអង្ករ ត្រូវការឥណទានសម្រាប់ទុនបង្វិលប្រមាណចន្លោះពី ៣០០ ទៅ ៤០០ លានដុល្លារអាម៉េរិកសម្រាប់ប្រមូលទិញស្រូវសើមពីប្រជាកសិករនៅរដូវប្រមូលផលឆ្នាំ២០២៦-២០២៧។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែគិតគូរខ្ពស់ដល់វិស័យស្រូវអង្ករ ជាពិសេស ការបញ្ចេញកញ្ចាប់ថវិការាប់រយលានដុល្លាអាម៉េរិក តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅពេលរដូវប្រមូលផលស្រូវម្តង់ៗ។
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមើលឃើញថា រាជរដ្ឋាភិបាលតែងតែគិតគូរដល់វិស័យស្រូវអង្ករ ជាពិសេស ការផ្តល់ភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន ពីធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាសហគ្រាសរបស់រដ្ឋគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកឧកញ៉ា បានបញ្ជាក់ទៀតថា នៅរដូវប្រមូលផលស្រូវខាងមុខនេះ អ្នកក្នុងវិស័យស្រូវអង្ករ ត្រូវការឥណទានសម្រាប់ទុនបង្វិលប្រមាណ ៣០០ ទៅ ៤០០លានដុល្លារអាម៉េរិក ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករដែលរំពឹងថានឹងផលិតបានលើសពី ១៥លានតោន។ ក្រៅពីនេះ សហព័ន្ធស្រូវអង្ករ ក៏មានផែនការត្រៀមថវិកាប្រមាណ ១៥០លានដុល្លារអាម៉េរិកទៀត សម្រាប់វិនិយោគលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យស្រូវអង្ករ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និង ឡសំម្ងួត បន្ថែមទៀត ក្នុងទិសដៅសម្រាប់រយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ។ ដោយភាពរីកច្រើនជាលំដាប់នៃការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្ររបស់រាជរដ្ឋាភិបាល លោកជឿជាក់ថា កម្ពុជាអាចផលិតស្រូវ ទាំងស្រូវវស្សា និងស្រូវប្រាំង កើនដល់ ១៨ ទៅ ២០ លានតោន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

ជារៀងរាល់ឆ្នាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តែងតែបញ្ចេញថវិការប្រមាណ ១០០ លានដុល្លារអាម៉េរិក ដែលជាទុនបង្វិល និងទុនវិនិយោគ ផ្តល់ទៅឱ្យអ្នកកក្នុងវិស័យស្រូវអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។ ជាមួយគ្នា រាជរដ្ឋាភិបាលក៏មានឥណទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ដែលថវិកានេះនឹងបញ្ចេញមកអន្តរាគមន៍ជាបន្ទាន់នៅពេលដែលតម្លៃកសិផលនានាជួបនឹងវិបត្តិប៉ុណ្ណោះ។ នេះបើតាម លោក ចាន់ សីហា អ្នកនាំពាក្យ ធនាគារ ARDB ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាផលិតស្រូវសរុបបានចំនួន ១៥,០៩លានតោន (ស្រូវប្រាំងចំនួន ៤,២៥លានតោន និងស្រូវវស្សាចំនួន ១០,៨៤លានតោន) កើនឡើងចំនួន ១,២០លានតោន ស្មើនឹង ៨,៦៥% ធៀបឆ្នាំ២០២៤។ តាមការវាយតម្លៃតុល្យភាពស្បៀង កម្ពុជាមានអតិរេកស្រូវចំនួនជាង ៩,១៥លានតោន និង គិតជាអង្ករ ៥,៨៦លានតោន ដែលអាចសន្និដ្ឋានបានថា កម្ពុជាធានាបាននូវសន្តិសុខស្បៀង និងសល់សម្រាប់នាំចេញ៕ អត្ថបទ៖ ធូ វិរៈ


-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល