ព័ត៌មាន
អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមានចាត់ការតាមច្បាប់ចំពោះអ្នកទន្ទ្រានដីព្រៃលិចទឹកតំបន់២ និងតំបន់៣
កំពង់ឆ្នាំង៖ លោក ពេជ្រ កែវមុនី អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ថា អាជ្ញាធរខេត្ត និងសាលាដំបូងខេត្តនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់តឹងរ៉ឹងបំផុត ចំពោះមន្ត្រី ឬសមត្ថកិច្ចទោះមានឋានៈថ្នាក់ណាក៏ដោយ ដែលហ៊ានចូលទៅឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ ដោយខុសច្បាប់។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា៖ តំបន់ព្រៃលិចទឹក គឺជាតំបន់ធនធានធម្មជាតិដ៏សំខាន់ សម្រាប់ការពារបរិស្ថាន និងជាជម្រកមច្ឆជាតិ ដូច្នេះការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ គឺជាទង្វើផ្ទុយនឹងច្បាប់ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ក្នុងករណីរកឃើញថា មានការពាក់ព័ន្ធពីសំណាក់សមត្ថកិច្ច ឬមន្ត្រីអាជ្ញាធរ ក្នុងសកម្មភាពឈូសឆាយ និងទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់ នោះនឹងត្រូវទទួលរងវិធានការធ្ងន់ធ្ងរបំផុត ដោយមិនមានការលើកលែងឡើយ។ ក្នុងនាមអាជ្ញាធរខេត្តកំពង់ឆ្នាំង លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរស្រុកខេត្ត ឬអ្នកសារព័ត៌មាន ប្រសិនបើប្រទះឃើញសកម្មភាពល្មើសច្បាប់ពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់២ ឬតំបន់៣ រួមនិងតំបន់ព្រៃដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ឬសហគមន៍។
កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងមកនេះ មានករណីឈូសទន្ទ្រានកាន់កាប់យកដីព្រៃលិចទឹកតំបន់៣អស់រាប់រយហិកតា នៅចំណុចស្ពានកោះបូ ភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង និងចាប់បានត្រាក់ទ័រ២គ្រឿង និងជនសង្ស័យ២នាក់។ បន្ទាប់មកខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានកសាងសំណុំរឿងបញ្ជូនទាំងជនសង្ស័យ២នាក់នោះ ទៅអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តតាមនីតិវិធី និងបានបញ្ជូនជនទាំង២នាក់នោះទៅដាក់ពន្ធនាគារខេត្តកំពង់ឆ្នាំងផងដែរ។ ក្នុងករណីនេះដែរ ឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនសង្ស័យ៤នាក់ទៀតកំពុងរត់គេច មិនទាន់ចាប់បានម្នាក់ឡើយ ហើយឯកឧត្តមបានប្រាប់អោយចូលខ្លួនមកទទួលទោសតាមច្បាប់។ ក្នុងចំណោមជនសង្ស័យទាំង៤នាក់នោះ ក៏មានមេភូមិសំរោងសែនម្នាក់ផងដែរ ដែលករណីនេះ មិនត្រូវលើកលែងអោយបានឡើយ៕ ដោយ ៖ កាំង ហុងវាស្នា







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល