ព័ត៌មាន
អបអរសាទរ!! ក្រុមនិស្សិតកម្ពុជា ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge! នៅសិង្ហបុរី
សិង្ហបុរី៖ ជាមោទនភាពរបស់យុវជនកម្ពុជា ក្រុមនិស្សិត នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge! នៅប្រទេសសិង្ហបុរី។

ក្នុងកម្មវិធីប្រកួតទូទាំងតំបន់អាស៊ានដែលរៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore, ក្រុម Voha.ai បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងចំណោមក្រុមដែលចូលរួមប្រកួតចំនួនជាង ៦០០ក្រុម។ កម្មវិធីនេះ បានប្រព្រឹត្តទៅរយៈពេលជាង៤ខែ ដោយបេក្ខជនត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល លើកសំណើគម្រោង និងអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិតសាកល្បង ដើម្បីប្រកួតក្នុងប្រទេស រួចចូលរួមប្រកួតបន្តនៅកម្រិតតំបន់។

Voha.ai ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីជួយកុមារដែលមានពិការភាពផ្នែកការស្ដាប់ (ថ្លង់) អាចរៀននិយាយបានងាយស្រួល និងឆាប់រហ័សជាងមុន តាមរយៈការប្រើកម្មវិធីបង្ហាត់ការបញ្ចេញសំឡេង ដោយមានទាំងផ្នែកសិក្សា និងល្បែងកម្សាន្ត ដើម្បីជំរុញការហ្វឹកហាត់បញ្ចេញសំឡេង។ លក្ខណៈសម្បត្តិរួមមានការកំណត់បញ្ហាបានត្រឹមត្រូវ ការប្រើប្រាស់វិធីសាស្ត្របច្ចេកទេសសមស្រប និងនវានុវត្តន៍ ព្រមទាំងចំណុចល្អៗជាច្រើនទៀត ជាមូលហេតុនាំឱ្យគណៈមេប្រយោគវាយតម្លៃខ្ពស់លើគម្រោងនេះ។

ក្រុម Voha.ai មានសមាជិកពីររូប គឺ លោក គាន យូហ័ង ជានិស្សិតទើបបញ្ចប់ការសិក្សាឆ្នាំ២០២៦ និងលោក គង់ លីជីង ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ យុវជនកម្ពុជាទាំងពីររូបបានទទួលពានរង្វាន់ពីឯកឧត្ដម Tharman Shanmugaratnam ប្រធានាធិបតីនៃប្រទេសសិង្ហបុរី និងបានថតរូបអនុស្សាវរីយ៍ជាមួយ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្ដារដ្ឋមន្ត្រីឌីជីថលអាស៊ាន ស្របនឹងឱកាសដែល ឯកឧត្ដមរដ្ឋមន្ត្រីអញ្ជើញបំពេញបេសកកម្មនៅប្រទេសសិង្ហបុរី ចូលរួមកម្មវិធី AsiaTech Singapore 2026 តាមការអញ្ជើញរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលនិងព័ត៌មាននៃប្រទេសសិង្ហបុរី។
សូមជូនពរយុវជនទាំងពីររូប បន្តលូតលាស់លើផ្នែកបញ្ញាសិប្បនិម្មិតនេះ ដើម្បីគាំទ្រការចាប់យកបញ្ញាសិប្បនិម្មិត និងបរិវត្តកម្មឌីជីថលនៅកម្ពុជា ក្រោមគោលនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា៕




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល