ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ទឹកដីកម្ពុជាមិនមែនជារបស់បក្ស ឬក្រុមណាមួយឡើយ ប៉ុន្ដែជារបស់យើងទាំងអស់គ្នា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលមានការចូលរួមពីគណបក្សនយោបាយសរុបទាំង២៩គណបក្ស នៅវិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព មានប្រសាសន៍បញ្ជាក់ទៅកាន់គណបក្សនយោបាយសម្ព័ន្ធភាពថា ទឹកដីរបស់កម្ពុជានេះ មិនមែនជារបស់គណបក្សណាមួយ ហើយក៏មិនមែនជារបស់អ្នកណា ក្រុមណាមួយឡើយប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ សម្ដេចតេជោសង្កត់ធ្ងន់ថា មានជាតិ មានទឹកដី ទើបយើងមានគណបក្សនយោបាយដែលយើងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេលបច្ចុប្បន្ននេះ ដូច្នេះបានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំងអស់ គឺរួមគ្នាការពារនូវបូរណភាពទឹកដី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព គឺជាការអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្សដែលតែងតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិបត្តិការសម្ព័ន្ធភាព ក្រៅពីនេះនៅមានក្រុមការងារសម្របសម្រួលគឺប្រជុំរៀងរាល់បីខែម្តង។ ឯកឧត្តមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនានានៅកម្ពុជា ហើយការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ហើយត្រូវការកម្លាំងមួយដើម្បីការពាររដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។
គណបក្សសម្ព័ន្ធភាពបានធ្វើកិច្ចការងារជាច្រើនក្នុងគោលដៅ និងអនុវត្តទៅតាមកិច្ចព្រមព្រៀងទាំង៨ចំណុចដែលបានសម្រេចរួមគ្នានាពេលកន្លងទៅ។ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោបានមានប្រសាសន៍អំពីស្ថានភាពនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសម្ដេចបានកោតសរសើរចំពោះគណបក្សសម្ព័ន្ធភាពទាំង២៩ ដែលបានរួមគ្នាធ្វើនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងអំឡុងពេលដែលថៃឈ្លានពាន។
សម្ដេចក៏បានសរសើរចំពោះការរួបរួមសាមគ្គីគ្នានេះ និងការចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ក្នុងការថ្កោលទោសប្រទេសឈ្លានពានកម្ពុជា និងសកម្មភាពមួយចំនួនទៀតដែលបណ្ដាគណបក្សនយោបាយក្នុងសម្ព័ន្ធភាពបានធ្វើកិច្ចការងារជួយដល់ជនភៀសសឹក ដូចជាការចែកនូវអំណោយ,សម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់ទាហានរបស់យើង ដែលនេះជាការបង្ហាញនូវកាយវិការនៃទឹកចិត្តក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ដូចខ្លឹមសារមានចែងនៅក្នុងចំណុចទី៣ ដែលគណបក្សទាំងអស់ត្រូវការពារនូវអធិបតេយ្យភាពបូរណភាពទឹកដីរបស់ជាតិ។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទឹកដីរបស់កម្ពុជានេះ មិនមែនជារបស់គណបក្សណាមួយ ហើយក៏មិនមែនជារបស់អ្នកណា ក្រុមណាមួយឡើយប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ សម្ដេចតេជោសង្កត់ធ្ងន់ថា មានជាតិ មានទឹកដី ទើបយើងមានគណបក្សនយោបាយដែលយើងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេលបច្ចុប្បន្ននេះ ដូច្នេះបានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំងអស់ គឺរួមគ្នាការពារនូវបូរណភាពទឹកដី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង។
នៅក្នុងកិច្ចប្រជុំនេះ គណបក្សសម្ព័ន្ធភាព បានបង្ហាញនូវការគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងជាមួយថៃ ដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិទាំងឡាយដែលគណបក្សសម្ព័ន្ធភាពតែងតែគាំទ្រ និងចូលរួមជាមួយនឹងរាជរដ្ឋាភិបាល។ សម្ដេចតេជោក៏បានសង្កត់ធ្ងន់ទៅលើផ្ទៃក្នុងនៃសម្ព័ន្ធភាពដើម្បីរក្សានូវសម្ព័ន្ធភាពនៃគណបក្សទាំង ២៩នេះឱ្យនៅឋិតថេរ និងរឹងមាំ។ ទាក់ទងទៅនឹងការបង្កើតគណបក្សថ្មី សម្ដេចតេជោបានមានប្រសាសន៍ថា គណបក្សថ្មីទាំងឡាយណាដែលបំបែកចេញអំពីគណបក្សសម្ព័ន្ធភាពនេះ មិនគាំទ្រឱ្យចូលជាមួយគណបក្សសម្ព័ន្ធនោះទេ៕


















-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ