ព័ត៌មាន
អូស្ត្រាលី និងកម្ពុជា ប្រកាសដាក់ឱ្យដំណើរការកម្មវិធីចម្បងស្តីពីភាពធន់នឹងអាកាសធាតុ
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះបានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី ភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climate ដែលជាគំនិតផ្តួចផ្តើមចម្បងមួយ ក្នុងការគាំទ្រដល់អភិបាលកិច្ចទឹកដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុង ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងភាគីទាំងពីរ។
ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹក កសិកម្ម ជីវភាពរស់នៅ និងសហគមន៍ នានានៅក្នុងប្រទេសកម្ពុជា ។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនភាពធន់ទៅនឹង ការជន់លិច គ្រោះរាំងស្ងួត និងការប្រែប្រួលលក្ខខណ្ឌអាកាសធាតុ ។
ហេតុដូច្នេះហើយ តាមរយៈកម្មវិធី ACP4Climate ប្រទេសអូស្ត្រាលីនឹងជួយដល់ប្រទេសកម្ពុជា ក្នុងការពង្រឹង ប្រព័ន្ធអភិបាលកិច្ចទឹក ការកែលម្អភាពធន់នឹងអាកាសធាតុ និងការលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងធនធានទឹក ដែលប្រកបដោយបរិយាបន្ន និងមានការចូលរួមពីសហគមន៍ នៅក្នុងអាងទន្លេសំខាន់ៗ រួមមានអាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប។
តាមរយៈកម្មវិធីនេះ យើងនឹងសហការជាមួយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា ដៃគូវិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងការសម្របសម្រួល និងគាំទ្រដល់ដំណោះស្រាយការគ្រប់គ្រងទឹកប្រកបដោយភាពធន់នឹងអាកាសធាតុ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃ ខ្ពស់ចំពោះភាពជាដៃគូជាមួយប្រទេសអូស្ត្រាលី ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីពង្រឹងភាពធន់នឹង ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព។ កម្មវិធី ACP4Climate នឹងជួយពង្រឹង ការសម្របសម្រួល ការរៀបចំផែនការ និងអភិបាលកិច្ចទឹក ដែលធន់នឹង អាកាសធាតុ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ក៏ដូចជាសុខុមាលភាពរបស់ប្រជាជនផងដែរ» ។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «អូស្ត្រាលី គឺជាដៃគូដ៏ជិតស្និទ្ធរយៈពេលវែងរបស់កម្ពុជា ក្នុងការគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព កំណើនសេដ្ឋកិច្ច និងការពង្រឹងភាពធន់។ កម្មវិធី ACP4Climate គឺជាជំពូកថ្មីមួយទៀតនៅក្នុងភាពជាដៃគូនេះ ក្នុងការជួយ ពង្រឹងអភិបាលកិច្ចទឹក គាំទ្រដល់សហគមន៍ដែលងាយរងគ្រោះ និងកសាងភាពធន់ទៅនឹងអាកាសធាតុ» ។
នៅក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីនេះ តំណាងមកពីក្រសួងនានា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នសិក្សា អ្នកពាក់ព័ន្ធពីវិស័យឯកជន និងសហគមន៍មូលដ្ឋាន បានជួបជុំគ្នាដើម្បីពិភាក្សា អំពីអាទិភាព សម្រាប់អភិបាលកិច្ចទឹកដែលធន់នឹងអាកាសធាតុ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ។
តាមរយៈកម្មវិធី ACP4Climate រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងអាកាសធាតុរបស់កម្ពុជា តាមរយៈវិធីសាស្ត្រដែលដឹកនាំដោយសហគមន៍មូលដ្ឋាន កិច្ចសហប្រតិបត្តិការ និងសកម្មភាពអាកាសធាតុ ប្រកបដោយបរិយាបន្ន។






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល