ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់អំពីការផ្ដល់គុណតម្លៃខ្ពស់ចំពោះសន្តិភាពរបស់កម្ពុជាក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២ស្តីពីការរក្សាសន្តិភាពក្នុងរង្វង់ប្រទេសនិយាយភាសាបារាំង
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២ ស្តីពីការរក្សាសន្តិភាពក្នុងរង្វង់ប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី) ដែលបានប្រព្រឹត្តទៅនៅទីក្រុងរ៉ាបា ព្រះរាជាណាចក្រម៉ារុក។
ថ្លែងនៅក្នុងសន្និសីទនេះ ឯកឧត្តម ស៊ុន សុវណ្ណា បានរំលឹកថា ដោយសារកម្ពុជាធ្លាប់ឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ក្នុងសង្រ្គាមពីអតីតកាល កម្ពុជាផ្តល់តម្លៃខ្ពស់ចំពោះសន្តិភាព។ ឯកឧត្តមបានដកស្រង់ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ថា ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងការចូលរួមក្នុងការថែរក្សាសន្តិភាព គឺជាគោលការណ៍ជាមូលដ្ឋាននៃគោលនយោបាយក្នុងស្រុក និងការបរទេសរបស់កម្ពុជាជាយូរមកហើយ។ ក្នុងស្មារតីនេះ ពាក្យស្លោក «យើងស្រឡាញ់សន្តិភាព» ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើការប្រែក្លាយរបស់កម្ពុជា ពីប្រទេសធ្លាប់ទទួលប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ទៅជាប្រទេសដែលបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងកងកម្លាំងមួកខៀវរបស់ខ្លួន ក្រោមទង់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសដែលកំពុងមានជម្លោះ។ ឯកឧត្តមក៏បានប្រកាសផងដែរថា រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២0 នៅខែវិច្ឆិកា ខាងមុខនេះ ដែលនឹងផ្តល់ឱកាសដ៏សំខាន់មួយដើម្បីលើកកម្ពស់តម្លៃរួមនៃសន្តិភាព ការសន្ទនា និងសាមគ្គីគ្នា។ ក្នុងន័យនេះ ឯកឧត្តម ស៊ុន សុវណ្ណា បានសង្កត់ធ្ងន់ថា ហ្រ្វង់កូហ្វូនី គឺជាវេទិកាសំខាន់មួយសម្រាប់សាមគ្គីភាព ការសន្ទនា និងការផ្លាស់ប្តូរបទពិសោធន៍។ ក្រៅពីចំណងភាសា វេទិកាហ្រ្វង់កូហ្វូនីបានជំរុញការសហការគ្នាកាន់តែរឹងមាំ និងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហគមន៍ក្នុងតំបន់ ដែលនេះបានរួមចំណែកដោយផ្ទាល់ដល់ភាពជោគជ័យរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
នៅចុងបញ្ចប់ ឯកឧត្តម ស៊ុន សុវណ្ណា ក៏បានចូលរួមរំលែកទុក្ខចំពោះកងកម្លាំងមួកខៀវ ដែលបានលះបង់យ៉ាងធំធេងក្នុងបុព្វហេតុបម្រើសន្តិភាពក្រោមទង់អង្គការសហប្រជាជាតិ។ ឯកឧត្តមក៏បានពាំនាំការគោរព និងរំលែកទុក្ខរបស់កម្ពុជាចំពោះអ្នកដែលបាត់បង់ជីវិតក្នុងពេលបំពេញភារៈកិច្ច ដោយគូសបញ្ជាក់ថា ភាពក្លាហាន ការលះបង់ និងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះមនុស្សជាតិនៅតែដក់ជាប់ក្នុងចំណោមសហគមន៍អន្តរជាតិ។



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា