ព័ត៌មាន
គណៈកម្មការទី១រដ្ឋសភា ចុះពិនិត្យយន្តការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការនៅខេត្តត្បូងឃ្មុំ ដើម្បីធានាការពារសិទ្ធិពលរដ្ឋ
ត្បូងឃ្មុំ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) បានចុះបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំ ដើម្បីតាមដានការអនុវត្តច្បាប់ និងជំរុញយន្តការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ក្នុងគោលបំណងធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ដោយមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងមន្ទីរ-អង្គភាពជំនាញ ភាគីរដ្ឋសភាបានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃការចុះមកនេះ គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីយន្តការ លទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្តនាពេលកន្លងមក។
ឯកឧត្តម សរ ចំរុង បានមានប្រសាសន៍ថា បេសកកម្មនេះធ្វើឡើងដើម្បីតាមដានការអនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងារនៅថ្នាក់ក្រោមជាតិ ឱ្យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងខិតខំដោះស្រាយទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់ភាពសុខដុមរមនាក្នុងសង្គម។
ទាក់ទិននឹងបញ្ហាអធិបតេយ្យ និងការងារព្រំដែន ឯកឧត្តម សរ ចំរុង បានបញ្ជាក់បន្ថែមថា កន្លងមកគណៈកម្មការទី១ តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ និងបានចេញញត្តិថ្កោលទោសចំពោះរាល់ការរំលោភបំពាននានា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវជំហរអត់ធ្មត់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ពិតប្រាកដ។
ជាការឆ្លើយតប ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានរាយការណ៍លម្អិតជូនគណៈប្រតិភូរដ្ឋសភាអំពីសមិទ្ធផលលើវិស័យរៀបចំដែនដី ការចុះបញ្ជីដីធ្លី និងការដោះស្រាយទំនាស់ដីធ្លី។ ឯកឧត្តមបានឱ្យដឹងថា នៅក្នុងយុទ្ធនាការជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្តសម្រេចបាននូវជោគជ័យដ៏ធំធេង តាមរយៈការខិតខំរបស់មន្ត្រីបច្ចេកទេស និងការចូលរួមពីប្រជាពលរដ្ឋ។
ចំពោះយន្តការដោះស្រាយទំនាស់ដីធ្លី ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមយន្តការច្បាប់ តាមរយៈគណៈកម្មការសុរិយោដីគ្រប់កម្រិត (ថ្នាក់ក្រុង-ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិ) ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ដោះស្រាយក្រៅប្រព័ន្ធតុលាការ» ផ្អែកលើមូលដ្ឋានយុត្តិធម៌ សច្ចធម៌ និងការយោគយល់គ្នា។ បន្ថែមលើនេះ រដ្ឋបាលខេត្តក៏បានប្ដេជ្ញាចិត្តពង្រឹងយន្តការអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដើម្បីធានាថាមន្ត្រីរាជការបំពេញតួនាទីដោយភាពស្មោះត្រង់ និងមិនរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋឡើយ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា