ព័ត៌មាន
ផែនការចំណាយថវិការដ្ឋឆ្នាំ២០២៧ ទាបជាងឆ្នាំ២០២៦បន្តិច ប៉ុន្តែផ្ដោតលើវិស័យការពារជាតិជាចម្បង
ក្នុងឆ្នាំ២០២៧ខាងមុខនេះ ចំណាយសរុបថវិការដ្ឋ ត្រូវបានគ្រោងក្នុងទំហំ ១៧.០៣% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ឬថយប្រមាណ ១.៨% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ខណៈរដ្ឋគ្រោងចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈប្រមាណ ២.៧១% ស្នើនឹងប្រមាណជាង ២ពាន់លានដុល្លារសម្រាប់រយៈពេល៣ឆ្នាំ។ នេះបើយោងតាមសារាចរស្តីពីការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងដែលចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
យោងតាមសារាចររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ, សេដ្ឋកិច្ចកម្ពុជាបានទទួលរងព្យុះកំបុតត្បូង (headwind) ចំនួន២ចម្បងៗនោះគឺការដាក់ឱ្យអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ រហូតឈានដល់ការប៉ះទង្គិចប្រដាប់អាវុធចំនួន២លើក។ ជាកុសលសម្រាប់កម្ពុជា, ការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ពុំបានរំលេចនូវបច្ច័យអវិជ្ជមានណាមួយធំដុំលើសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នោះទេ, ដោយផ្ទុយទៅវិញបានជំរុញការនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក ដោយសារការពន្លឿនការនាំចេញ (Front-loading) មុនអត្រាផ្លូវការចូលជាធរមាន ពោលក្នុងឆមាសទី១ឆ្នាំ២០២៥។ ក្រៅពីនេះក្រោយអត្រាពន្ធគយបដិការ ១៩% ដែលជាកម្រិតប្រហាក់ប្រហែលទៅនឹងបណ្តាប្រទេសក្នុងតំបន់ចូលជាធរមានចាប់តាំងពី អំឡុងខែ សីហា ឆ្នាំ២០២៥កន្លងមកក៏ពុំបានបន្ទច់បង្អាក់ដល់ការនាំចេញកម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិកនោះដែរ ពោលទាំងផលិតផលកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលទីផ្សារផ្សេងទៀត តួយ៉ាង សហភាពអឺរ៉ុប ក៏នៅតែមានស្ថានភាពល្អប្រសើរ។
បើតាមសារាចរដដែលបង្ហាញថាការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ដោយឯកតោភាគីរបស់ថៃ និងភាពតានតឹងជុំវិញបញ្ហាព្រំដែនបានបង្កជាបច្ច័យអវិជ្ជមានគួរឱ្យកត់សម្គាល់មួយចំនួនដល់សកម្មភាពសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្ដែទោះយ៉ាងនេះក្តី, កម្ពុជាមានការលេចចេញនូវនិន្នាការថ្មីៗគួរឱ្យកត់សម្គាល់មួយចំនួនរួមមាន៖ ការងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក និងការបង្កើនសមត្ថភាព និងកម្លាំង ផលិតកម្មក្នុងស្រុក, ការបង្វែរទិសដៅដឹកជញ្ជូន (Re-routing) និងការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូន, និងការធ្វើពិពិធកម្មនៃច្រវាក់តម្លៃពីទីផ្សារថៃ ពោលទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្ម ពិសេសទេសចរណ៍។
ដូចនេះ, ជាទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយ, ការជំរុញអនុវត្តឱ្យសម្រេចបានជោគជ័យនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ, គោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៧-២០២៩ បានកំណត់អាទិភាពសំខាន់ៗ ដំបូង គឺការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងធានាស្ថិរភាពនយោបាយ និងម៉ាក្រូ-សេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពដល់កិច្ចការការពារអធិបតេយ្យជាតិនិងបូរណភាព ទឹកដី, ការការពារសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច, សមិទ្ធផលសង្គម និងជំរុញការដោះស្រាយបញ្ហាគ្រោះអាសន្ននានា ក្នុងសង្គម។
ក្នុងនោះ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងប្រមាណចំណាយប្រមាណ ២.៧១% ស្នើនឹងប្រមាណជាង ២ពាន់លានដុល្លារសម្រាប់រយៈពេល៣ឆ្នាំ សំដៅបន្តពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាព, ការយកចិត្តទុកដាក់លើជីវភាព និងសុខុមាលភាពកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការគ្រប់គ្រង និងថែទាំយុទ្ធោបករណ៍ និងសម្ភារៈបច្ចេកទេស, ការអនុវត្តកិច្ចការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការអនុវត្តកិច្ចការសន្តិសុខមិនប្រពៃណី, ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព», ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យព្រំដែន, ការអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជូនកងកម្លាំងនគរបាលជាតិ និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃយុត្តិធម៌៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា