ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសរងគ្រោះពិតប្រាកដពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា និងជាប្រធានគណបក្សប្រជាជនបានអះអាងថា កម្ពុជាគឺជាប្រទេសដែលរងគ្រោះយ៉ាងពិតប្រាកដ ពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។
សម្ដេចតេជោ បានបញ្ជាក់បែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង ៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះសម្ដេចបានស្នើដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ត្រូវសួរចម្លើយចំពោះឧក្រិដ្ឋជនដែលបានចាប់ខ្លួនឱ្យបានច្បាស់លាស់ថា តើពួកគេចូលមកកម្ពុជាតាមណា ឬប្រទេសណា ដោយសារតែពួកគេគ្មាន លិខិតឆ្លងដែន ឬទិដ្ឋាការឡើយ។
សម្ដេចតេជោបានលើកឡើងថា ប្រទេសរបស់កម្ពុជា ត្រូវបានបំផ្លាញមុខមាត់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយក្រុមឆបោកតាមប្រព័ន្ធអនឡាញ។ សម្ដេចតេជោ បានអះអាងថា ថ្ងៃក្រោយប្រសិនបើក្រុមឆបោកតាមអនឡាញនេះបន្តមានវត្តមាននៅកម្ពុជាទៀត ប្រជាជនកម្ពុជានឹងមានគ្រោះថ្នាក់ ហើយមិនថាតែប្រជាជននោះឡើយ មន្ត្រីរដ្ឋាភិបាលក៏អាចមានគ្រោះថ្នាក់ផងដែរ។
សម្ដេចបានមានប្រសាសន៍ថា តើអ្នកដែលចូលមកកាន់ប្រទេសកម្ពុជាបាន ដោយមិនមានលិខិតឆ្លងដែន ពួកគេមកតាមណាឲ្យពិតប្រាកដ បញ្ហានេះត្រូវតែជាសំណួរដែលមានចម្លើយ។
សម្ដេចតេជោបន្តបញ្ជាក់ថា៖«កម្ពុជាមិនមានភ្ជាប់ជើងហោះហើរចម្ងាយឆ្ងាយនោះទេ យើងគឺជាជនរងគ្រោះពិតប្រាកដ។ ដាក់ចេញជាសំណួរ ហើយត្រូវរកចម្លើយឲ្យឃើញ ថាតើគេចូលក្នុងប្រទេសយើងដោយគ្មានលិខិតស្នាម តើចូលតាមប្រទេសណា មិនអាចចូលតាមពោធិ៍ចិនតុង ឬចូលតាមអាកាសយានដ្ឋានថ្មី មរតកតេជោ ឬក៏អាកាសយានដ្ឋានសៀមរាប ឬក៏អាកាសយានដ្ឋានព្រះសីហនុទេ»។
សម្ដេចតេជោបានចោទសួរបន្តទៀតថា តើគេចូលមកប្រទេសយើងតាមប្រទេសណា ឥឡូវអ្នកទាំងហ្នឹង មិនទាន់ចាកចេញពីប្រទេសកម្ពុជាទេ សួរចម្លើយឲ្យបានច្បាស់ ព្រោះមានអ្នកខ្លះបានព្យាយាមដាក់កំហុសមកលើយើង ក្នុងពេលដដែលអ្នកទាំងនោះបានចូលមកប្រទេសយើងតាមប្រទេសរបស់គេ។
សម្ដេចតេជោ ហ៊ុនសែន បានអះអាងថា សម្ដេចបានស្នើតាមរយៈឯកអគ្គរដ្ឋជាទូតប្រទេសកូរ៉េខាងត្បូង ដែលបានមកជូនសារតាំងកាលពីពេលថ្មីៗនេះ ដោយសម្ដេចបានបញ្ជាក់ប្រាប់លោកអគ្គរដ្ឋទូតថា អ្នកដែលសម្លាប់និស្សិតកូរ៉េនៅកម្ពុជានាពេលកន្លងទៅ គឺត្រូវបានចាប់ខ្លួននៅប្រទេសថៃ។ សម្ដេចបានស្នើឲ្យលោកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ចែករំលែកព័ត៌មាន ជុំវិញថាតើមូលហេតុអ្វីបានជាគេសម្លាប់ជនជាតិកូរ៉េនៅកម្ពុជា ក្នុងពេលដែលមេខ្លោងរបស់គេនៅប្រទេសថៃ។
សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ដល់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ ធ្វើការឲ្យបានហ្មត់ចត់ជាមួយខាងអន្តោប្រវេសន៍ សួរចម្លើយចំពោះអ្នកដែលត្រូវបានចាប់ខ្លួនហើយមិនមានលិខិតឆ្លងដែន ថាតើអ្នកឯងចូលកម្ពុជាតាមច្រកណា? ដើម្បីយើងបង្ហាញពិភពលោក ឲ្យបានដឹងថាប្រទេសណាដែលឆ្លងកាត់ច្រើនជាងគេ។ សម្រាប់អ្នកជិតខាងទាំងបីរួមមានវៀតណាម ឡាវ និងថៃ សម្ដេចមិនជឿថា ក្រុមឧក្រិដ្ឋជនអនឡាញទាំងនោះ ចូលតាមប្រទេសវៀតណាមនោះទេ ក៏ព្រោះតែវៀតណាមមានការរឹតបន្តឹងច្បាស់លាស់។
សម្ដេចបានបញ្ជាក់ថា បញ្ហាចឆបោកតាមប្រព័ន្ធអនឡាញ មិនត្រឹមតែប៉ះពាល់ដល់កិត្តិយស និងមុខមាត់កម្ពុជាប៉ុណ្ណោះទេ ហើយក៏ប៉ះពាល់ទៅដល់សេដ្ឋកិច្ចផងដែរ ដោយបញ្ហានេះបានធ្វើឲ្យ វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរមានការភ័យខ្លាច។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជាមិនបានពឹងផ្អែកទៅលើការឆបោកតាមប្រព័ន្ធអនឡាញនោះទេ៕
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន