ព័ត៌មាន
អាជ្ញាធរជាតិអប្សរា និងអង្គការគាំពារសត្វព្រៃកម្ពុជា(CWC)សហការដោះលែងសត្វប្រមា ចំនួន២ក្បាលទៅក្នុងព្រៃតំបន់អង្គរ
អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) បាននាំយកសត្វប្រមាចំនួន២ក្បាលមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្សាំងទុកមួយរយៈ មុននឹងព្រលែងឱ្យរស់នៅតាមធម្មជាតិទៅក្នុងព្រៃតំបន់អង្គរ។
លោក ទ្រី ស៊ីថេង ប្រធានអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) ឱ្យដឹងថា សត្វប្រមាទាំងពីរក្បាលនេះ គឺលោកបានទទួលពីមេបញ្ជាការយោធាមួយរូប នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។
លោកបញ្ជាក់ថា ជាយូរមកហើយ មេបញ្ជាការទាហានម្នាក់ បានចិញ្ចឹមសត្វប្រមា សរុបចំនួន៣ក្បាល ក៏ប៉ុន្តែ ប្រមាមួយក្នុងចំណោមនោះបានចាស់ ហើយងាប់។ បន្ទាប់មក ក៏មានសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃកើតឡើង។ ដោយសារតែមេបញ្ជាការរូបនោះរវល់រឿងការពារព្រំដែនខ្មែរ ហើយម្យ៉ាងទៀតគាត់ចង់ឱ្យសត្វប្រមាដែលគាត់ចិញ្ចឹមទាំងពីរមានសុវត្ថិភាពផង ក៏ប្រគល់វា មកឱ្យអង្គការគាំពារសត្វព្រៃកម្ពុជាយកមកថែរក្សាតែម្ដង។
លោក ទ្រី ស៊ីថេង បញ្ជាក់ទៀតថា មូលហេតុដែលលោកសម្រេចចិត្តយកសត្វប្រមាទាំងពីរក្បាលមកថែរក្សានៅតំបន់អង្គរ ដោយសារតែលោកចង់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលមកទស្សនាអង្គរ គឺមិនត្រឹមតែឃើញប្រាសាទបុរាណតែប៉ុណ្ណោះទេ គឺចង់ឱ្យភ្ញៀវទេសចរ បានឃើញទាំងសម្បត្តិធម្មជាតិ និងសត្វព្រៃផងដែរ។
លោក Nick Marx អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះ របស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា សត្វប្រមាពីរក្បាល ដែលយកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាពេលនេះ មិនទាន់ដោះលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិភ្លាមៗបានទេ។ អ្នកជំនាញត្រូវផ្សាំងសត្វទាំងពីរឱ្យស៊ាំនឹងបរិស្ថានជាមុនសិន មុនពេលដោះលែងសត្វទាំងពីរឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិដោយខ្លួនឯង។ លោក Nick Marx បញ្ជាក់ទៀតថា នេះជាលើកទី១ហើយ ដែលអង្គការគាំពារសត្វព្រៃកម្ពុជា បានយកសត្វប្រមា មកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ឱ្យដោះលែងក្នុងព្រៃអង្គរ។ អ្នកជំនាញសត្វព្រៃរូបនេះ បានបញ្ជាក់ពីសារសំខាន់នៃសត្វប្រមាថាសត្វនេះ ក៏ដូចជាសត្វព្រៃដទៃទៀតដែរ គឺមានតួនាទីជួយឱ្យប្រព័ន្ធជីវចម្រុះធម្មជាតិកាន់តែសម្បូរបែបឡើង តាមរយៈការស៊ីផ្លែ ហើយពាំគ្រាប់យកទៅតាមកន្លែងផ្សេងៗ ធ្វើឱ្យកូនឈើដុះលូតលាស់។
ចំណែកលោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ឱ្យដឹងថា នៅក្នុងព្រៃតំបន់អង្គរ ក៏មានសត្វប្រមាមួយចំនួនកំពុងរស់នៅដែរ។ ការព្រលែងសត្វប្រមា២ក្បាល ដែលបានពីតំបន់ផ្សេង ឱ្យរស់នៅក្នុងតំបន់អង្គរ គឺពិតជាធ្វើឱ្យចំនួនសត្វប្រមានៅក្នុងព្រៃអង្គរ មានចំនួនកើនឡើងបន្ថែមទៀត។ លោក ជូរ៉ា ឌីណា រំពឹងថា សត្វប្រមាចំនួន២ក្បាល ដែលព្រលែងនៅក្នុងព្រៃអង្គរពេលនេះ អាចនឹងមានសម្ព័ន្ធភាពជាមួយនឹងសត្វដែលរស់នៅក្នុងព្រៃអង្គរជាយូរមកហើយ ព្រមទាំងពួកគេអាចនឹងបង្កើតកូនចៅបានកាន់តែច្រើននៅពេលខាងមុខថែមទៀត។
ចាប់តាំងពីឆ្នាំ២០១៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរមានដូចជា៖
– សត្វទោចមកុដ (Pileated Gibbon) ចំនួន១៧ក្បាល(កើតកូនបានចំនួន៩ក្បាល)
– សត្វឈ្លូស (Red Muntjac) ចំនួន៧ក្បាល
– សត្វស្វាព្រាហ្មណ៍ ឬស្វាព្រាម (Silvered Langurs) ចំនួន១២ក្បាល (កេីតកូនបាន១៨ក្បាល)
– សត្វសំពោចក្រអូប (Common palm Civets) ចំនួន៧ក្បាល
– សត្វភេខ្លួនរលោង (Smooth-coated Otter) ចំនួន១៥ក្បាល(កើតកូនបានចំនួន១២ក្បាល)
– សត្វឆ្មាដាវ (Leopard Cat) ចំនួន៣ក្បាល
– សត្វកេងកងតូច (Oriental Pied Hornbill) ចំនួន៩ក្បាល
– សត្វកេងកងធំ (Great Hornbill) ចំនួន៦ក្បាល
– សត្វភូវាំង (Wreathed Hornbill) ចំនួន៧ក្បាល
– សត្វក្ងោក (Peafowl) ចំនួន៩ក្បាល
– សត្វអន្សង (Common Water Monitor) ចំនួន២ក្បាល
– សត្វពង្រូល (Sunda Pangolin) ចំនួន២ក្បាល
និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់បច្ចុប្បន្នសត្វទាំងអស់នេះ នៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣