ព័ត៌មាន
អនុប្រធានទី១ នៃរដ្ឋសភា ជំរុញឱ្យមានវិធានការបន្ទាន់ ការពារពីការគំរាមកំហែងនៃវិបត្តិអាកាសធាតុ គ្រាដែលវិបត្តិនេះគ្មានប្រទេសណាមួយអាចយកឈ្នះក្នុងសមរភូមិនេះតែម្នាក់ឯងបានឡើយ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និសីទសភាជាតិ ស្តីពីអភិបាលកិច្ចអាកាសធាតុ» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃអន្តរសភាអាស៊ាន (AIPA) និងអ្នកជំនាញការអន្តរជាតិជាច្រើនរូបបានជំរុញឱ្យមានវិធានការបន្ទាន់ ការពារ ពីការគំរាមកំហែងនៃវិបត្តិអាកាសធាតុ គ្រាដែលវិបត្តិនេះគ្មានប្រទេសណាមួយអាចយកឈ្នះក្នុងសមរភូមិនេះតែម្នាក់ឯងបានឡើយ។
បើតាម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត វិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាសសរទ្រូងសេដ្ឋកិច្ចជាតិដ៏សំខាន់របស់កម្ពុជា កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យមានការដាក់ចេញនូវវិធានការឆ្លើយតបជាបន្ទាន់ និងទាន់ពេលវេលា ដើម្បីការពារចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
នៅក្នុងសុន្ទរកថាទៅកាន់អង្គសន្និសីទ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបង្វែរការយកចិត្តទុកដាក់ខ្ពស់ទៅលើផលប៉ះពាល់ជាក់ស្តែងមកលើរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានកត់សម្គាល់ថា បច្ចុប្បន្នភាពនៃកម្តៅផែនដីដែលកើនឡើងហួសប្រមាណ របបទឹកភ្លៀងធ្លាក់ខុសប្រក្រតី និងគ្រោះរាំងស្ងួតអូសបន្លាយវែង បាននិងកំពុងវាយប្រហារដោយផ្ទាល់លើជីវភាពកសិករ និងស្ថិរភាពសន្តិសុខស្បៀង។
ដោយសារតែកម្ពុជាជាប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានដាស់តឿនថា ប្រសិនបើបណ្តោយឱ្យវិបត្តិនេះអូសបន្លាយដោយគ្មានយុទ្ធសាស្ត្រទប់ទល់ស្វិតស្វាញទេនោះ វានឹងប្រែក្លាយទៅជាសម្ពាធដ៏ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញដល់សន្ទុះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិទាំងមូល។
ដើម្បីឆ្លើយតបនឹងការគំរាមកំហែងចំពោះមុខនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា គ្មានប្រទេសណាមួយអាចយកឈ្នះក្នុងសមរភូមិនេះតែម្នាក់ឯងបានឡើយ ពោលគឺទាមទារឱ្យមានការរួមសំឡេង និងសកម្មភាពស្របគ្នាក្នុងក្របខ័ណ្ឌតំបន់។ ក្នុងន័យនេះ រដ្ឋសភាកម្ពុជាបានបង្ហាញនូវមោទនភាពចំពោះកិច្ចសហការជាមួយលេខាធិការដ្ឋានអាយប៉ា (AIPA) ក្នុងការបង្កើតសន្និសីទនេះឡើង។
ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា កម្ពុជានឹងចាប់ដៃជាមួយបណ្តាប្រទេសជាសមាជិកអាយប៉ា ដើម្បីបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធលើការដោះស្រាយវិបត្តិសកលនេះ តាមរយៈការជំរុញយន្តការសម្របសម្រួលផ្នែកច្បាប់ ការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងការដកស្រង់នូវការអនុវត្តល្អៗ ក្នុងគោលដៅរួមគ្នាប្រែក្លាយតំបន់អាស៊ានឱ្យទៅជាតំបន់បៃតង និងមានភាពធន់ខ្ពស់ចំពោះអាកាសធាតុ។
គួរជម្រាបជូនថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសភាជាតិ និងអន្តរជាតិ រួមមាន ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣), ឯកឧត្តម អេឌី សូប៉ាណូ (Eddy Soeparno) អនុប្រធានសភាប្រឹក្សាយោបល់ប្រជាជននៃសាធារណរដ្ឋឥណ្ឌូនេស៊ី, លោកជំទាវ អាន់ណា វិចតូរីយ៉ា វេលូសូ-ទួនហ្សុន (Anna Victoria Veloso-Tuazon) អនុប្រធានគណៈកម្មាធិការពិសេសនៃរដ្ឋសភាហ្វីលីពិន រួមទាំងតំណាងជាន់ខ្ពស់ពីមូលនិធិអាកាសធាតុថារ៉ា (Tara Climate), ស្ថាប័ន Responsible Project Ventures, និងមន្ទីរពិសោធន៍ថាមពលអាស៊ី ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀតផងដែរ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣