ព័ត៌មាន
ឯកអគ្គរដ្ឋទូតហុងគ្រី៖ កម្ពុជាមានចក្ខុវិស័យអភិវឌ្ឍន៍ច្បាស់លាស់ និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម ទីប័រក៍ បាឡូឌី (Tibor BALOGHDI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលឯកឧត្តម ត្រូវបានបញ្ចប់បេសកកម្មការទូតពីកម្ពុជាប្រកបដោយជោគជ័យ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្តម ទីប័រក៍ បាឡូឌី ដែលបានធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកាន់តែរឹងមាំរីកចម្រើនឡើង ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយបានផ្តល់ផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិទាំងសងខាង។
ចំណងមិត្តភាពកម្ពុជា-ហុងគ្រី គឺឈរលើភាពជាមិត្តភាពស្មោះត្រង់ ជឿជាក់ និងការយោគយល់គ្នា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ដែលមានរយៈពេល៧០ឆ្នាំមកនេះ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការពង្រឹងដល់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផ្សេងទៀត រួមមាន កសិកម្ម ធនធានទឹក វិនិយោគ និងបច្ចេកវិទ្យា។

សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនហុងគ្រី ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩មក និងនៅគ្រប់កាលៈទេសៈដែលមានការលំបាក ដូចជាក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ ជាដើម។ សម្តេចក៏បានអរគុណដល់ហុងគ្រី ដែលបានយកចិត្តទុកដាក់ និងផ្តល់សិទ្ធិរស់នៅ បំពេញការងារ និងសិក្សាដល់ពលរដ្ឋ និងនិស្សិតកម្ពុជាដូចពលរដ្ឋហុងគ្រីផងដែរ។

ឯកឧត្តម ទីប័រក៍ បាឡូឌី បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលតែងតែផ្តល់កិច្ចសហការ និងសម្របសម្រួលការងារជាប់ជាប្រចាំ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។
ឯកឧត្តមបានថ្លែងការកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាមានចក្ខុវិស័យអភិវឌ្ឍន៍ច្បាស់លាស់ ហើយទំនាក់ទំនងកម្ពុជា-ហុងគ្រី ជាទំនាក់ទំនងដ៏ល្អមួយដែលពិបាករកបាន។ កម្ពុជាជាមិត្តល្អ និងជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសក្តានុពលខ្ពស់ មានសំឡេងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងជាស្ពានតភ្ជាប់យ៉ាងសំខាន់រវាងតំបន់អាស៊ីនិងអឺរ៉ុប។
ឯកឧត្តម ទីប័រក៍ បាឡូឌី បានបង្ហាញការពេញចិត្តចំពោះនិស្សិតកម្ពុជា ដែលបាននិងកំពុងសិក្សានៅប្រទេសហុងគ្រី ហើយចំនួននេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងបញ្ជាក់ថា ហុងគ្រីនៅតែបន្តការគាំទ្រលើការអភិវឌ្ឍធនធានមនុស្សនេះជូនកម្ពុជាបន្តទៀត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបំផុសគំនិតចង់ឱ្យមានការផ្លាស់ប្តូរនិស្សិតគ្នាទៅវិញទៅមកបន្ថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសការនាំនិស្សិតហុងគ្រីមកសិក្សានៅប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅសម្តេចប្រធានរដ្ឋសភាបានបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី។ នៅក្នុងឱកាសនោះ រដ្ឋសភានៃប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគ្នា ទាំងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន ទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកលើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ បច្ចេកវិទ្យា និងវប្បធម៌ ជាដើម។
ហុងគ្រីគឺជាមិត្តល្អរបស់កម្ពុជា ដែលក្នុងនោះទំនុកចិត្តផ្នែកនយោបាយរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរ និងរឹងមាំ ជាលំដាប់។ សម្តេចបានបង្ហាញការកត់សម្គាល់ពីភាពរស់រាយរាក់ទាក់របស់ប្រជាជនហុងគ្រី ស្មារតីស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ ដូចគ្នានឹងបេសកកម្មដែលកម្ពុជាកំពុងធ្វើយ៉ាងសកម្មនាពេលបច្ចុប្បន្ន ដែលបានជំរុញធ្វើឱ្យប្រទេសទាំងពីរធ្វើបេសកកម្មធំៗរួមគ្នាជាច្រើន។

សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវមោទនភាពថា បន្ទាប់ពីមានការចុះអនុស្សរណៈនៃការយោគយល់គ្នាមក រដ្ឋសភាប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់ នៅក្នុងនោះអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី ក៏បានបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ហើយសង្ឃឹមថាទំនាក់ទំនងដ៏ល្អនឹងត្រូវបានបន្តថែរក្សា ព្រមទាំងពង្រឹង និងពង្រីកបន្ថែមទៀតនាពេលអនាគត។ ជាទីបញ្ចប់ សម្តេចប្រធានរដ្ឋសភា តាមរយៈវត្តមានរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជំរុញ និងលើកទឹកចិត្តឱ្យហុងគ្រីមកវិនិយោគនៅកម្ពុជា បន្ថែមទៀត ដូចជាលើការគ្រប់គ្រងធនធានទឹក និងកសិឧស្សាហកម្ម ជាដើម៕





-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ