ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានា ក្នុងខេត្តពោធិ៍សាត់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់ នៅសាលាខេត្តពោធិ៍សាត់។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត សរុបចំនួន៧៧៥នាក់។
ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោម រាជធានី ខេត្តទាំង២៥ ស្ថិតនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងកើត ជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ ខាងជើងជាប់ខេត្តសៀមរាប និង កំពង់ធំតាមបណ្តោយបឹងទន្លេសាប ខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ រដ្ឋបាលដែនដី បែងចែកចេញ ជា៧ក្រុង-ស្រុក , ៤៩ឃុំ-សង្កាត់ និង៥២៧ភូមិ។ មានប្រជាជន សរុបចំនួន ៥៦២.៦៨៣នាក់ ស្រី២៨៤.៥៩៩នាក់ ស្មើនឹង ១៤១.០៦៤គ្រួសារ។ មានផ្ទៃដីសរុបចំនួន ១២.៦៩២ គ.ម២ សណ្ឋានដីត្រូវបានបែងចែកជា ៤ប្រភេទ មានដូចជា៖ តំបន់ភ្នំ, តំបន់ខ្ពង់រាប, តំបន់ ទំនាបកណ្តាល និងតំបន់បឹងទន្លេសាប។
ខេត្តពោធិ៍សាត់បានរៀបចំនិងសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងនោះដើម្បីរក្សាបានសណ្តាប់ធ្នាប់និងបរិស្ថាន បៃតង រដ្ឋបាលខេត្តបានធ្វើការអភិវឌ្ឍច្រាំងស្ទឹងឱ្យមានសោភណភាពតាមដងស្ទឹង ចាប់ពីស្ពានអាកាសវាងក្រុង ដល់ស្ពាន រថភ្លើង ត្រូវរៀបចំជាសួនច្បារ និងកន្លែងសម្រាប់ប្រជាពលរដ្ឋដើរកម្សាន្ត និងហាត់ប្រាណ ក្នុងនោះបានធ្វើ ការសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅគ្មានសណ្តាប់ធ្នាប់ មិនរៀបរយ មួយចំនួនដូចជា នៅ ជាប់របងវិទ្យាល័យពោធិ៍សាត់ ជាប់របងស្នងការដ្ឋាននគរបាលខេត្ត ជាប់របងមន្ទីរពេទ្យខេត្ត និងការរស់នៅ តាមមាត់ស្ទឹងយូរឆ្នាំមកហើយ ឱ្យចាកចេញដោយស្ម័គ្រចិត្ត និងទទួលយកការដោះស្រាយទីតាំងថ្មី ដែលមាន ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ធានាការស់នៅប្រកបដោយសុខសុវត្ថិភាព និងមានកម្មសិទ្ធស្របច្បាប់ (សរុប ៣២០ គ្រួសារ)។ ទន្ទឹមនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលរាត្រី ខេត្តបានដាក់បង្គោល និង អំពូលភ្លើង ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ព្រំប្រទល់ខេត្តបាត់ដំបង(បង្គោលចំនួន១ ៧៥០ដើម អំ ពូលសូឡាចំនួន៣៥០០អំពូល) ដើម្បីសម្រួលដល់ការធ្វើដំណើរពេលយប់របស់សាធារណជនទូទៅផងដែរ។
ខេត្តពោធិ៍សាត់ជាខេត្តប្រភពថាមពល មានវារីអគ្គិសនី ៣កន្លែង ទី១ដែលមានអនុភាព១២០មេហ្គាវ៉ាត់ ស្ថិតនៅ ស្ទឹងអាតៃ ទី២ដែលមានអានុភាព ៨០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង(ដែល ជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា) និងទី៣ អានុភាព១៥០មេហ្គាវ៉ាត់ ដែលកំពុងសាងសង់ គឺវារីអគ្គីសនី ស្ទឹងពោធិ៍សាត់១ និងវារីអគ្គីសនី ស្ទឹងមេទឹក ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។ ជាមួយគ្នានេះ ខេត្តពោធិ៍សាត់ មានស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យនៅស្រុកក្រគរ ដែលមានអានុភាពផលិតអគ្គិសនីបាន២៤០មេហ្គាវ៉ាត់ កំពុងដំណើរការ និងគ្រោងសាងសង់ស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យមាន អនុភាព ៣៥០មេហ្គាវ៉ាត់ បន្ថែមទៀតស្ថិតនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ក្នុងនោះក៏មានស្ថានីយ ស្តុកថាមពលដោយអាគុយ ២០០មេហ្គាវ៉ាត ផងដែរ។
ខេត្តពោធិ៍សាត់មានរោងចក្រសហគ្រាសជាច្រើនកន្លែងដូចជា៖ រោងចក្រដំឡើងរថយន្ត ហ្វីត(Ford) រោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិច រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រ ផលិតទឹកស្អាត និងសហគ្រាស មួយចំនួនទៀត ដែលអាចស្រូបយកកម្លាំងពលកម្ម ប្រមាណ ១៥ ៨១៥នាក់ ស្រី ១០ ០៦៦នាក់ បានជួយសម្រួលការងារជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។
សូមបញ្ជាក់ថា ការចុះជួបសំណេះសំណាលនាពេលនេះ ជាដំណើរឆ្ពោះទៅមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាពិសេសគោលបំណងសំខាន់ គឺការជម្រុញការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ជម្រុញអោយសមាជិកព្រឹទ្ធសភា ចុះមូលដ្ឋានធ្វើការអោយកាន់តែជិតស្និទជាមួយអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។ គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ជាខេត្តទី១១ហើយដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញចុះជួបសំណេះសំណាល ៕














-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា