ព័ត៌មាន
ប្រមុខការពារជាតិ៖ កម្ពុជាបង្កើនសមត្ថភាពយោធា ដើម្បីការពារបូរណភាទឹកដី គ្មានបំណងឈ្លានពាន ឬប៉ះទង្កិចជាមួយប្រទេសជិតខាងណាទេ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការបង្កើនសមត្ថភាពយោធារបស់កម្ពុជា នៅក្នុងដំណាក់កាលបច្ចុប្បន្ន គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះ ដោយកម្ពុជាមិនមានបំណងឈ្លានពាន ឬបង្កជម្លោះយោធាជាមួយប្រទេសជិតខាងឡើយ។
ការបញ្ជាក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តកោះកុង។
នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងបញ្ជាក់ថា៖ «ខ្ញុំតែងតែបញ្ជាក់ជារៀងរហូតថា កម្ពុជាមិនមានបំណងឈ្លានពាន ឬប៉ះទង្គិចយោធាជាមួយអ្នកជិតខាងនោះទេ។ ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយគ្នា ក៏ខ្ញុំតែងតែសំណូមពរនូវអ្វីដែលយើងអាចការពារខ្លួនបាន»។
បើតាមការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា កម្ពុជាតែងតែបញ្ជាក់ជូនដៃគូអន្តរជាតិ និងអង្គទូតនានាថា រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាព និងមិនមានចេតនាប្រើប្រាស់កម្លាំងយោធា ដើម្បីឈ្លានពានប្រទេសណាមួយឡើយ។ ការពង្រឹងវិស័យការពារជាតិ គឺផ្តោតលើសមត្ថភាពការពារទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួន។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា កម្ពុជាមិនមានតម្រូវការអាវុធដែលអាចវាយប្រហារចម្ងាយរាប់រយគីឡូម៉ែត្រនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវការ គឺប្រព័ន្ធការពារដែលមានប្រសិទ្ធភាព និងអាចធានាសុវត្ថិភាពភូមិសាស្ត្ររបស់ប្រទេសបានយ៉ាងរឹងមាំ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានរំលឹកថា បន្ទាប់ពីកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ ក្នុងឆ្នាំ១៩៩៨ ប្រទេសជាតិទទួលបានឱកាសអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ស្ថិរភាព និងឯកភាពជាតិ។
នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា ដោយឡែក ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងការលើកកម្ពស់វិស័យអប់រំ ដើម្បីជំរុញការរីកចម្រើនរបស់ប្រទេស។ ទោះជាយ៉ាងណា ស្ថានភាពពាក់ព័ន្ធនឹងការប៉ះទង្គិចនៅតាមព្រំដែនក្នុងឆ្នាំ២០២៥ បានធ្វើឲ្យកម្ពុជាត្រូវពិនិត្យ និងកែសម្រួលផែនការមួយចំនួន ស្របតាមការវិវត្តនៃស្ថានការណ៍ជាក់ស្តែង។
នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា ការប៉ះទង្គិចយោធា មិននាំមកនូវផលចំណេញដល់ភាគីណាមួយឡើយ ផ្ទុយទៅវិញ មានតែការខាតបង់ និងការបាត់បង់។ ដូច្នេះ កម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិភាព ដែលជាសមិទ្ធផលដ៏មានតម្លៃ និងជាកេរដំណែលពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលជំនាន់មុន ដែលបានបន្តមកដល់ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
នាយឧត្តមសេនីយ៍ ទៀ សីហា បានអះអាងថា ការថែរក្សាសន្តិភាព និងស្ថិរភាព គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខណៈដែលកម្ពុជាកំពុងបន្តដំណើររីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣