ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជា៖ ចាប់តាំងពីច្បាប់កាតព្វកិច្ចប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ មកទល់ពេលនេះ មានយុវជនប្រមាណ ១ម៉ឺននាក់ហើយបានចុះឈ្មោះចូលរួមអនុវត្តហើយភាគច្រើនជាកូនថ្នាក់ដឹកនាំ
កោះកុង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោយច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ មកដល់ទល់ពេលនេះ មានយុវជនប្រមាណ ១ម៉ឺននាក់ហើយបានចុះឈ្មោះចូលរួមអនុវត្ត ខណៈក្នុងនោះដោយភាគច្រើនជាកូនថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ការរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវការការស្រាវជ្រាវបន្ថែមជាច្រើន ដើម្បីកំណត់ឱ្យច្បាស់នូវលក្ខខណ្ឌសម្រាប់ដំណើរការចុះឈ្មោះ អំឡុងពេលហ្វឹកហាត់ និងក្រោយពេលហ្វឹកហាត់ត្រូវបានបញ្ចប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងបន្តថា បន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការច្បាប់នេះឡើងវិញ មានយុវជនប្រមាណ ១ម៉ឺននាក់ហើយបានចុះឈ្មោះ។ ឯកឧត្តមបញ្ជាក់ថា៖ «មិនថាកូនអ្នកធំ កូនអ្នកមាន កូនកសិករ គឺមានសិទ្ធិចូលទាំងអស់គ្នា។ ហើយបច្ចុប្បន្ននេះ អ្នកដែលដាក់ពាក្យមកសុទ្ធតែកូនថ្នាក់ដឹកនាំ»។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តច្បាប់នេះ ដើម្បីបើកឱកាសដល់យុវជនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ករណីប្រទេសមានភាពអាសន្ននៅពេលណាមួយ។
ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ ច្បាប់នេះមាន ៨ជំពូក និង ២០មាត្រា ដែលកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ យុវជនអាយុចាប់ពី១៨ ដល់ ២៥ឆ្នាំ ត្រូវបានកំណត់ឱ្យជាប់ក្នុងកាតព្វកិច្ចនេះ ហើយនារី នឹងធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។
ការបំពេញកាតព្វកិច្ចយោធាមានរយៈពេលកំណត់ ២៤ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច ហើយអាចបន្តបានមិនឱ្យលើសពី ៦ខែ ក្នុងករណីចាំបាច់។ ប្រជាពលរដ្ឋដែលគេចវេសពីកាតព្វកិច្ចយោធា អាចត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ ក្នុងប្រទេសមានសន្តិភាព និងពី ២ឆ្នាំ ទៅ ៥ឆ្នាំ ក្នុងប្រទេសមានសង្គ្រាម។ យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវស្ថិតក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ៕











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣