ព័ត៌មាន
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
រដ្ឋបាលខេត្តកំពត បានត្រៀមទុរេនទុំប្រមាណ ២តោន ដើម្បីទទួលស្វាគមន៍ និងជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ក្រោមប្រធានបទ «រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២រសៀលតទៅ នៅបរិវេណសួនច្បារទល់មុខផ្សារវិថីម្ហូបអាហារ ខេត្តកំពត។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះ ទទួលបានការជំរុញលើកទឹកចិត្តពីក្រសួងទេសចរណ៍ ជាពិសេសក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម និងផ្សព្វផ្សាយអត្តសញ្ញាណផលិតផលក្នុងស្រុករបស់ខេត្តកំពតឱ្យកាន់តែទូលំទូលាយ។
លោកបានបញ្ជាក់ថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងមានឱកាសភ្លក់រសជាតិទុរេនកំពតដ៏ល្បីល្បាញ ដែលរដ្ឋបាលខេត្តបានត្រៀមទុកចំនួន ២តោន ព្រមទាំងអាចទស្សនា និងទិញផលិតផលកសិកម្ម ផ្លែឈើតាមរដូវ នំចំណីប្រពៃណី និងផលិតផលសហគមន៍ជាច្រើនប្រភេទ ដែលជាមរតកវប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយនៃការជំរុញ ទេសចរណ៍រដូវកាលបៃតង ដែលក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពុងផ្តោតសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងអំឡុងរដូវវស្សា។
រដូវកាលនេះ ខេត្តកំពតមានសម្រស់ធម្មជាតិខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ ទេសភាពភ្នំ ទឹកជ្រោះ សមុទ្រ និងចម្ការផ្លែឈើកាន់តែស្រស់ស្អាត ដែលផ្តល់បទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ និងជួយជំរុញចំណូលដល់សហគមន៍មូលដ្ឋាន។
តាមរយៈការរៀបចំព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» នេះ រដ្ឋបាលខេត្តកំពតរំពឹងថា នឹងរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះទុរេនកំពត ផ្សព្វផ្សាយសក្តានុពលទេសចរណ៍រដូវកាលបៃតង និងជំរុញការចូលរួមគាំទ្រផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣