ព័ត៌មាន
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលអភិវឌ្ឍដោយកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅប្រទេសទីម័រឡេស្តេ
ប្រទេសទីម័រឡេស្តេ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលជាប្រព័ន្ធផ្ទៀងផ្ទាត់ឯកសារឌីជីថលផ្អែកលើបច្ចេកវិទ្យា Blockchain ដំបូងបង្អស់របស់ប្រទេសនេះ និងជាសមិទ្ធផលថ្មីនៃកិច្ចសហប្រតិបត្តិការឌីជីថលរវាងកម្ពុជា និងទីម័រឡេស្តេ។
ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងនៅសាលពហុបំណង GMN ក្នុងទីក្រុងឌីលី ក្រោមអធិបតីភាពរបស់ឯកឧត្តម Miguel Marques Gonçalves Manetelu (មីហ្គើល ម៉ាកើស ហ្គនសែល ម៉ាណេថេ) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និងអន្តរជាតិជាង ៥០០នាក់។
ថ្នាល verify.gov.tl ត្រូវបានអភិវឌ្ឍឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងដឹកជញ្ជូន និងសារគមនាគមន៍របស់ទីម័រឡេស្តេ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ២០២៥ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
ប្រព័ន្ធនេះ អនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ឯកសារផ្លូវការបានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់ QR Code និងបច្ចេកវិទ្យា Blockchain ដែលជួយការពារការក្លែងបន្លំ ការកែប្រែ និងការចម្លងឯកសារដោយខុសច្បាប់។
ថ្នាល verify.gov.tl គឺជាភស្តុតាងបង្ហាញថា កិច្ចសហប្រតិបត្តិការឌីជីថលរវាងប្រទេសកំពុងអភិវឌ្ឍ អាចបង្កើតដំណោះស្រាយជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល។
ក្នុងដំណាក់កាលដំបូង ទីម័រឡេស្តេបានជ្រើសរើសយក បណ្ណបើកបរ ជាឯកសារទីមួយសម្រាប់ដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈថ្នាល verify.gov.tl។ ការអនុវត្តនេះបានជួយកាត់បន្ថយចំណាយក្នុងការផលិតបណ្ណរឹង ពីប្រមាណ ៤ដុល្លារអាមេរិកក្នុងមួយបណ្ណ មកនៅត្រឹមប្រមាណ ១០សេនប៉ុណ្ណោះ។
កម្ពុជា ក៏បានចែករំលែកបទពិសោធន៍ជោគជ័យនៃការប្រើប្រាស់ថ្នាល verify.gov.kh លើបណ្ណបើកបរ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋបង្ហាញបណ្ណបើកបរឌីជីថល និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានក្នុងរយៈពេលតិចជាងមួយនាទី តាមរយៈកម្មវិធី DG SuperApp។
នាពេលខាងមុខ ក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ នឹងបន្តពង្រីកការប្រើប្រាស់ថ្នាល verify.gov.tl ទៅលើឯកសារផ្លូវការផ្សេងៗទៀត រួមមានសញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋាន ដើម្បីបង្កើនទំនុកចិត្ត និងប្រសិទ្ធភាពនៃសេវាសាធារណៈឌីជីថល។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានចាត់ទុកការសម្ពោធ verify.gov.tl ថា ជាជំហានដ៏សំខាន់មួយក្នុងការជំរុញរដ្ឋាភិបាលឌីជីថល ការប្រយុទ្ធប្រឆាំងការក្លែងបន្លំឯកសារ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍ឌីជីថលរវាងកម្ពុជា និងទីម័រឡេស្តេ។
ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl ជាផ្លូវការ ទីម័រឡេស្តេកំពុងបោះជំហានថ្មីមួយឆ្ពោះទៅរកការកសាងរដ្ឋាភិបាលឌីជីថលប្រកបដោយសុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាព ខណៈកម្ពុជា បន្តដើរតួនាទីជាដៃគូសំខាន់ក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាឌីជីថលទៅកាន់តំបន់៕ អត្ថបទ៖ ស៊ូជីង









-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ