ព័ត៌មាន
កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពី ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងឌីលី បានរៀបចំ “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Verónica das Dores រដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមនិងបរិយាបន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោកជំទាវ Céu Brites អនុរដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមនិងបរិយាបន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងឯកឧត្តម Expedito Dias Ximenes រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសារគមនាគមន៍សង្គម នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈប្រតិភូ និងភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ៥០០ នាក់។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ គឺជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល” រវាង ក.ប.ទ. នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាឃ្នាស់ ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
ដោយមានការគាំទ្រយ៉ាងខ្លាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក.ប.ទ. បានចាត់បញ្ជូនមន្រ្តីជំនាញបច្ចេកទេសជួយអភិវឌ្ឍផតថលជាតិ verify.gov.tl ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងបានធ្វើសមាហរណកម្មជាមួយមូលដ្ឋានទិន្នន័យ (Database) ដែលអាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរជាតិ តាមរយៈផតថលជាតិនេះ។
សូមបញ្ជាក់ជូនថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបានសម្រេចជ្រើសរើសយកបណ្ណបើកបរ ជាឯកសារទី១ ក្នុងការដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.tl ដែលការសម្រេចចិត្តនេះបានជួយឱ្យក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេកាត់បន្ថយថ្លៃចំណាយក្នុងការផលិតបណ្ណរឹងដែលមានតម្លៃ ៤ (បួន) ដុល្លារអាម៉េរិក មកសល់ត្រឹមតែ ០,១ (សូន្យក្បៀសមួយ) ដុល្លារអាម៉េរិកប៉ុណ្ណោះ។
សូមគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាក៏បានដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.kh នៅលើបណ្ណបើកបរដែលអនុញ្ញាតឱ្យអ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់ បណ្ណបើកបរទម្រង់ឌីជីថលបានយ៉ាងទូលំទូលាយ និងជាផ្លូវការដើម្បីបង្ហាញដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដោយចំណាយពេលស្នើសុំតិចជាង ១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាមរយៈថ្នាល dgconnect ហើយ ក.ប.ទ. នឹងសហការជាមួយក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីចែករំលែកបទពិសោធនេះជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបន្តទៀតផងដែរ។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការពង្រីកការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl លើឯកសារសាធារណៈផ្លូវការដែលចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមមាន សញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋានជាដើម ដែលការសម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ត្រូវបានទទួលការឯកភាពនិងការគាំទ្រពីគណៈរដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេផងដែរ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកឧត្តមរដ្ឋមន្រ្តី Miguel Marques Gonçalves Manetelu បានបញ្ជាក់អំពីជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល៕

















-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា