ព័ត៌មាន
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤បានបន្តចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។
អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបន្តថា ក្នុងប្រតិបត្តិការរយៈពេល១ថ្ងៃនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យទីតាំងសរុបបានចំនួន ៨០ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១.៣៥៤នាក់ (ស្រី ៣៨៣នាក់) ក្នុងនោះជនបរទេសចំនួន ១៦នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ជារួមក្រុមការងារពុំបានឃើញមានបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។
លោកស្រីអ្នកនាំពាក្យបន្តទៀតថា ដោយឡែកចំពោះខណ្ឌ៧មករា ក្រុមការងារបានរកឃើញទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ១ករណី នៅបន្ទប់លេខ២៦០៥ ជាន់ទី២៦ នៃអគារ Skyline B ស្ថិតនៅអគារលេខ៦ ផ្លូវលេខ ១៣៤ ភូមិ៣ សង្កាត់វាលវង់ មានសម្ភារដូចជា កុំព្យូទ័រ Laptop ចំនួន៤គ្រឿង ម៉ូនីទ័រ ១គ្រឿង និងទូរស័ព្ទដៃ ១៥គ្រឿង ប៉ុន្តែមិនមានមនុស្សស្នាក់នៅទេ។ រីឯនៅខណ្ឌឫស្សីកែវ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យទីតាំងចំនួន ៤កន្លែង នៅក្នុងបុរី ផេនសៀ ស្ថិតនៅសង្កាត់ស្វាយប៉ាក ក្រុមការងារបានរកឃើញមានសម្ភារគួរឱ្យសង្ស័យមួយចំនួនធំនៅក្នុងផ្ទះលេខ៨I ផ្លូវលេខP១ និងផ្ទះលេខ៨D ផ្លូវលេខP០៣ មានសម្ភារដូចជា ទូរស័ព្ទដៃចំនួន ៣១៧គ្រឿង កុំព្យូទ័រ (all in one) ចំនួន ៤០គ្រឿង ម៉ូនីទ័រចំនួន ៦គ្រឿង និងធុង CPUចំនួន ៣គ្រឿង ដោយមិនមានមនុស្សស្នាក់នៅ ឬប្រព្រឹត្តបទល្មើសនៅទីតាំងនោះទេ។
លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ក្រោយការពិនិត្យរួច វត្ថុតាងរួមទាំងជនបរទេសដែលស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តនីតិវិធី។ ក្នុងថ្ងៃជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ អនក្រ.បក សរុបចំនួន ៤ទីតាំង មានមនុស្សចំនួន ៥នាក់ គិតជាថវិកាសរុបមានចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀលគត់)៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា











-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា