ព័ត៌មាន
ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
ប្រាសាទប្រែរូប គឺជាសមិទ្ធផលស្ថាបត្យកម្មកំពូលមួយដែលស្ថិតនៅតាមបណ្តោយផ្លូវវង់ធំ ក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។ ក្នុងទិដ្ឋភាពភូមិសាស្ត្រវប្បធម៌ ប្រាសាទភ្នំមួយនេះបានសាងសង់ឡើងនៅលើដីទួលខ្ពស់ត្រដែត ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីទស្សនទាននៃលទ្ធិទេវរាជក្នុងការបង្កើតភ្នំព្រះសុមេរុជានិមិត្តរូបនាសម័យបុរាណ។ ប៉ុន្តែសព្វថ្ងៃ ទីតាំងខ្ពស់នៃសំណង់នេះ ក៏បានក្លាយជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍វប្បធម៌ ដើម្បីទស្សនាទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិច ដ៏ស្រស់បំព្រងដែលឆ្លុះបញ្ចាំងសម្រស់វាលស្រែ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើធម្មជាតិជុំវិញ។
ផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រាសាទប្រែរូបតំណាងឲ្យរបត់នៃការប្រែប្រួលយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រស្ថាបត្យកម្មខ្មែរ ដោយបង្កើតបានលក្ខណៈចំណាំនៃ «រចនាបថប្រែរូប»។ ភាពលេចធ្លោផ្នែកវិស្វកម្មសំណង់នៃប្រាសាទនេះ គឺទម្រង់ស្ថាបត្យកម្មឥដ្ឋខ្នាតធំ ដែលជាគំរូនៃសំណង់ដែលមានក្តីនានាធ្វើអំពីឥដ្ឋក្នុងទំហំធំបំផុតមួយដែលបានកសាងឡើងក្នុងសម័យអង្គរ។ លើសពីនេះ បុព្វបុរសខ្មែរបានបង្ហាញពីភាពឆ្លាតវៃ និងបច្ចេកទេសកម្រិតខ្ពស់ក្នុងការប្រើប្រាស់សម្ភារៈបីប្រភេទរួមគ្នាឱ្យមានភាពចុះសម្រុងគ្នាយ៉ាងអស្ចារ្យ ដោយក្នុងនោះមានការប្រើប្រាស់ឥដ្ឋសម្រាប់សាងសង់ក្តីខាងលើ និងការឆ្លាក់ក្បាច់លម្អ ប្រើប្រាស់ថ្មបាយក្រៀមសម្រាប់ធ្វើជាខឿនថ្នាក់ៗ បាតគ្រឹះ និងជញ្ជាំងព័ទ្ធជុំវិញដើម្បីទ្រទ្រង់ទម្ងន់ដ៏ធ្ងន់ និងប្រើប្រាស់ថ្មភក់សម្រាប់តែផ្នែកសំណង់ដែលត្រូវទទួលសម្ពាធខ្លាំង និងកន្លែងលម្អប្រណីត ដូចជា ផ្តែរ ស៊ុមទ្វារ និងសរសរពេជ្រ។ របត់នេះបានលេចត្រដែតខ្លួនចេញពីឥទ្ធិពលស្ថាបត្យកម្មមុនអង្គរ ដែលភាគច្រើនប្រើប្រាស់តែឥដ្ឋ និងមានទម្រង់ជាក្តីដាច់ៗពីគ្នា មកជាការរៀបចំរចនាសម្ព័ន្ធជាលំដាប់ថ្នាក់នៅលើខឿនថ្នាក់ៗ បែបប្រាសាទភ្នំយ៉ាងពិតប្រាកដ។
ប្រភពទិន្នន័យចម្បង និងជាឯកសារយោងដ៏មានតម្លៃបំផុតសម្រាប់ប្រាសាទប្រែរូប គឺសិលាចារឹកលេខ K.806 ដែលចារិកជាភាសាសំស្ក្រឹត ជាកាព្យមានប្រវែងវែងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ដោយមានរហូតដល់២៩៨ល្បះ ត្រូវជា២,១៨៥ គាថា។ តាមរយៈខ្លឹមសារនៃសិលាចារឹកនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ៩៦១ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងលទ្ធិព្រហ្មញ្ញសាសនា។ សិលាចារឹកក៏បានរៀបរាប់អំពីការតម្កល់សិវលិង្គសម្រាប់រាជ្យឈ្មោះ «រាជេន្ទ្របាទ្រេសូរ» នៅក្តីកណ្តាល ដែលជាព្រះនាមដើមផ្លូវការរបស់ប្រាសាទ ព្រមទាំងមានការឧទ្ទិសក្តីរណបនានាជូនចំពោះទេពតំណាងឲ្យបុព្វការីជន។ នេះស្តែងឲ្យឃើញពីការអនុវត្តគុណធម៌ដ៏ស្មោះស្ម័គ្រ និងជាយុទ្ធសាស្ត្រនយោបាយក្នុងការផ្សារភ្ជាប់រាជវង្សរបស់ព្រះអង្គទៅនឹងខ្សែស្រឡាយដ៏រុងរឿងនៃមហានគរខ្មែរ។
ក្នុងក្របខណ្ឌគ្រប់គ្រងបេតិកភណ្ឌពិភពលោក ក្រោមការសម្របសម្រួលបច្ចេកទេសនៃគណៈកម្មាធិការអន្តរជាតិ ICC-Angkor អាជ្ញាធរជាតិអប្សរាបានដាក់ចេញ និងអនុវត្តនូវវិធានការវិទ្យាសាស្ត្រ ដើម្បីធានាចីរភាពនៃរចនាសម្ព័ន្ធប្រាសាទ។ ការងារនេះផ្ដោតសំខាន់លើការគ្រប់គ្រងប្រព័ន្ធជលសាស្ត្រ ដោយពង្រឹងប្រព័ន្ធបង្ហូរនិងរំដោះទឹកភ្លៀង ដើម្បីការពារមិនឲ្យទឹកហូរច្រោះចូលផ្ទាល់លើជញ្ជាំងឥដ្ឋ និងគ្រឹះជើងទម្រ ដែលអាចបណ្តាលឱ្យចុះខ្សោយកម្លាំងទ្រទ្រង់សំណង់។ ក្នុងទិដ្ឋភាពបច្ចេកវិទ្យាសម្ភារៈ អ្នកជំនាញបានបន្តស្រាវជ្រាវពិសោធន៍ និងអនុវត្តបច្ចេកទេសពង្រឹងគុណភាពឥដ្ឋបុរាណ និងសាច់បាយអឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាទម្រង់ដើមនៃប្រាសាទ និងការពារក្បាច់ចម្លាក់លម្អកុំឲ្យរងការខូចខាតបន្តទៀត៕



















-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ