Connect with us

ព័ត៌មាន

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្ម សរុបជិត ៥៧នាក់ ពាក់ព័ន្ធករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក ក្រោយពីការបង្ក្រាបទល្មើសឈរបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ BTV នៅរសៀលថ្ងៃទី០១ ខែមិថុនា នេះថា ៖ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្ម សរុបចំនួន ៤៧នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នដើម្បីធ្វើការធ្វើការស៊ើបអង្កេត។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានសម្រេច

ចោទប្រកាន់មន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផល សរុប៥៤នាក់ ពីបទផ្តើមគំនិត សមគំនិតក្នុងបទលួច បទលុបបំបាត់ភស្តុតាង និង បទទទួលផលចោរកម្ម។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ សំណុំរឿងដែលត្រូវបានបញ្ជូនមកពីខេត្តកំពត សរុប ៥៤នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរពីបទ ផ្តើមគំនិត សមគំនិតក្នុងបទលូចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង បទលួចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម តាមបញ្ញាត្តិមាត្រា ២៨ មាត្រា២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៩៩ មាត្រា ៤០០ និងមាត្រា ៥៣៣ ននៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា មន្ត្រីនគរបាល និងអាវុធហត្ថខេត្តកំពត ចំនួន ៥០នាក់ (មន្ត្រីនគរបាល៣២នាក់ , មន្ត្រីអាវុធហត្ថ១៨នាក់) ដែលរងការចោទប្រកាន់ គឺពាក់ព័ន្ធការកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក ក្រោយពីការបង្ក្រាបទល្មើសឈរបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia