ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation)
ភ្នំពេញ៖ តាមរយៈសារពិសេសនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសានស៍បញ្ជាក់ថា កម្ពុជាបានជ្រើសរើសយកយន្តការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃតាមយន្តការការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation)នេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោកតាមច្បាប់អន្តរជាតិ។
សម្ដេចធិបតី បានថ្លែងថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយសន្ដិវិធី។ សម្ដេចធិបតីបន្តថា កម្ពុជានៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃដោយឈរលើមូលដ្ឋានសន្ដិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ អធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាត្រូវតែគោរពជាដាច់ខាត។
សម្ដេចធិបតី បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ កម្ពុជា និងថៃមានក្របខណ្ឌទ្វេភាគី ដើម្បីស្វែងរកដំណោះស្រាយដោយសន្ដិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា, គ្រប់ខណ្ឌទ្វេភាគីនេះ គឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅថា MoU 2001។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីដោះស្រាយព្រំដែនសមុទ្រ និងភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្ដិវិធី និងសម្រាប់ផលប្រយោជណ៍ទៅវិញទៅមក។
សម្ដេចធិបតីបានបញ្ជាក់ថា នៅពេលដែលរដ្ឋាភិបាលថៃ បានប្រកាសថា នឹងដកខ្លួនចេញពីក្របខណ្ឌទ្វេភាគីដ៏យូរអង្វែងនេះ កម្ពុជាបានស្នើឱ្យភាគីថៃពិចារណាឡើងវិញ ប៉ុន្ដែជាការគួរឱ្យសោកស្ដាយភាគីថៃនៅតែសម្រេចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះដដែល។ ការណ៍នេះមានន័យថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកមិនអាចបន្តយកមកប្រើប្រាស់ទៀតបានឡើយ។ សម្ដេចធិបតីបានបន្តថា ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ឱកាសចរចាទ្វេភាគីដើម្បីឈានទៅរកដំណោះស្រាយត្រូវបានប្រើប្រាស់អស់លទ្ធភាពហើយ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្ដិវិធី ដែលមាន និងអាចអនុវត្តទៅបាន។
បើតាមសម្ដេចធិបតី អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រដែលក្នុងនោះទាំងកម្ពុជា និងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ។ ការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺជាយន្តការផ្លូវច្បាប់ដោយសន្ដិវិធីនៅក្រោមអនុសញ្ញា UNCLOS យន្តការនេះនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយ ដែលមានសមាជិកជាអ្នកផ្សះផ្សាចំនួន ៥រូប និងសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។
សម្ដេចធិបតី បានឱ្យដឹងថា ការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) លើកដំបូងបង្អស់ត្រូវបានអនុវត្តដោយជោគជ័យក្នុងករណីវិវាទរវាងប្រទេសទីម័រខាងកើត និងប្រទេសអូស្រ្ដាលី, តាមរយៈដំណើរការនៃយន្តការនេះ ប្រទេសទាំងពីរបានដោះស្រាយព្រំដែនសមុទ្រដោយសន្ដិវីធី នៅឆ្នាំ២០១៨, តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) នាពេលនេះ ជាករណីទីពីរក្នុងប្រវត្តិសាស្រ្ដរបស់ UNCLOS។
សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្ដិវិធី។ ការប្រើប្រាស់ យន្តការផ្សះផ្សារដោយចាប់បង្ខំនេះ មិនមែនជាការបង្កើនភាពតានតឹងនោះទេ ប៉ុន្ដែផ្ទុយទៅវិញជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះតាមរយៈការចរចា រវាងប្រទេសទាំងពីរក្រោមការសម្របសម្រួល របស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ។ សម្ដេចធិបតីបន្តថា នេះក៏មិនមែនជាសកម្មភាពឯកតោភាគីដែរ ប៉ុន្ដែជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្ដិវិធី តាមរយៈច្បាប់អន្តរជាតិ និងដោយសុឆន្ទៈពិតប្រាកដ។
សម្ដេចធិបតីបានបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) នៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជាងាកចេញពីការសន្ទនានោះទេ ប៉ុន្ដែផ្ទុយទៅវិញ កម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងដែលទទួលស្គាល់ដោយប្រទេសទាំងពីរ។ សម្ដេចធិបតីបន្តថា កម្ពុជា និងថៃ នឹងទទួលបាននូវផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និងដែលអនុលោកតាមច្បាប់អន្តរជាតិ។
សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ដំណោះស្រាយដោយសន្ដិវិធី ជាផលប្រយោជណ៍រួមដល់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្ដិភាព និងស្ថិរភាពតំបន់។ ដំណោះស្រាយដោយសន្ដិវិធីនេះនឹងការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត បើកឱកាសប្រើប្រាស់ធនធានថាមពល គាំទ្រដល់ការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មី មិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។
តាមរយៈសារពិសេសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនដែលរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ ជាមួយគ្នានេះកម្ពុជាប្ដេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។ នាពេលនេះ កម្ពុជាបន្តប្រកាន់ គោលជំហរទទួលខុសត្រូវ ដ៏មុតមាំនេះ ដោយមិនមែនតាមរយៈការប្រើកម្លាំង តែប្រើច្បាប់, ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគី តែតាមរយៈការរួមគ្នាដោះស្រាយដោយសន្ដិវិធី។
ជាមួយគ្នានេះ សម្ដេចធិបតី បានអំពាវនាវ ដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាពជាធ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់ និងភាពរឹងមាំ។ សម្ដេចធិបតីបានបញ្ជាក់ថា ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល៕
-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS5 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា