ព័ត៌មាន
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការពារបូរណភាពទឹកដីទាំងព្រំដែនគោក និងព្រំដែនសមុទ្រ ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មខ្លាំងក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែង និងរក្សាបាននូវសុខសន្តិភាពផង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូបញ្ជាក់ ចំពោះជំហរដោះស្រាយព្រំដែនសមុទ្ររបស់កម្ពុជា៖ ចាប់តាំងពីគណៈរដ្ឋមន្ត្រីថៃសម្រេចលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ ឬមួយក៏ហៅកាត់ថា MoU 2001 កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦មក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថាកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការសម្រេចប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នោះឡើយពីព្រោះភាគីថៃបានលុបចោលយន្តការទ្វេភាគីដែលត្រូវបានថែរក្សាអស់រយៈពេល២៥ឆ្នាំមកហើយ។ ម្យ៉ាងទៀតយន្តការផ្សះផ្សារដោយចាប់បង្ខំនេះទៀតសោត បង្កើតឡើងដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ ដែលពិតជាសមស្របជាមួយជំហរសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ដូចគ្នាដែរចំពោះដំណោះស្រាយព្រំដែនគោក៖ ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ក៏ដូចជាស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុងជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងកំណត់ខណ្ឌសីមាប្រទេសទាំងពីរជាបន្ទាន់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។
ឯកឧត្តមបានថ្លែងថា កម្ពុជាបានប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាការទូត និងគាំទ្រពេញទំហឹងនូវតួនាទីនិងអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ ការអនុវត្តបទឈប់បាញ់ និងអនុវត្តគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួម ព្រមទាំងកិច្ចព្រមព្រៀងផ្សេងទៀតឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកឡើងវិញថា ជំហរបែបនេះត្រូវបានភាគីកម្ពុជាជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃរួចរាល់ហើយក៏ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីថៃ នាឱកាសជំនួបត្រីភាគី នៅកោះសេប៊ូ ប្រទេស ហ្វីលីពីនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែរ។ បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក៏បានបញ្ជាក់ប្រាប់សមភាគីថៃម្តងទៀតនៅក្នុងជំនួបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក។ ការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ គឺជាជំហានថ្មី និងជាសក្ខីភាពបញ្ជាក់ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាមិនដែលងាកចេញពីជំហររបស់ខ្លួនឡើយ នោះគឺជំហរសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។ ហេតុនេះហើយទើបបានជារាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាប្រឆាំងនឹងសកម្មភាពរបស់យោធាថៃនៅលើទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣