ព័ត៌មាន
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការ អន្តរជាតិនានានៅរាជធានីភ្នំពេញ ស្តីពីការវិវត្តចុងក្រោយបង្អស់ទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយ ផ្តោតសំខាន់លើការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) របស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាប់ផ្តើមកិច្ចប្រជុំដោយសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពេ ប្រទេសសមាជិកអាស៊ានទាំងអស់ ប្រទេសដៃគូសន្ទនាអាស៊ាន និងមិត្តរបស់កម្ពុជា និងថៃ ដែលបានបន្តគាំទ្រ ចំពោះបទឈប់បាញ់ និងការខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែន កម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអ្នកចូលរួមថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសេចក្តីជូនដំណឹងផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការចាប់ផ្តើមរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS ដើម្បីដោះស្រាយ ដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការសោកស្តាយ និងការខកចិត្តយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាប បាតសមុទ្រ (MOU-2001)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា MOU-2001 បានឆ្លុះបញ្ចាំង ពីឆន្ទៈ និងចេតនាពិតប្រាកដរបស់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នាដោយស្មោះត្រង់ និងអនុលោមតាម ច្បាប់អន្តរជាតិ ដើម្បីដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធី និងអភិវឌ្ឍធនធានរួមគ្នានៅក្នុងតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា។ រយៈពេល២៥ឆ្នាំកន្លងមកនេះ MOU-2001 គឺជាក្របខណ្ឌទ្វេភាគីតែមួយគត់ ដែល ភាគីទាំងពីរពឹងផ្អែកលើ ដើម្បីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារបស់ខ្លួន។ ដោយថៃបានដកខ្លួនចេញពី MOU-2001
បន្ទាប់ពីបានពិចារណាដោយប្រុងប្រយ័ត្ននៅរាល់ជម្រើសប្រកបដោយសន្តិភាពនិងស្របច្បាប់កម្ពុជាយល់ថាគ្មានជម្រើសផ្សេងក្រៅពីផ្ដើមដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រនោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរអំពីដំណើរការផ្សះផ្សាដោយបង្ខំលើកដំបូងក្រោម UNCLOS រវាងប្រទេសទីម័រឡេស្តេ និងអូស្ត្រាលី ដែលត្រូវបានបញ្ចប់ដោយជោគជ័យជាមួយនឹងការដោះស្រាយ ព្រំដែនសមុទ្រដោយសន្តិវិធីក្នុងឆ្នាំ២០១៨។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា តាមរយៈ ការផ្តើមយន្តការផ្លូវច្បាប់ដោយសន្តិវិធីក្រោម UNCLOS នេះ កម្ពុជាអាចបង្ហាញពីតម្លៃនៃច្បាប់អន្តរជាតិ និង ដំណោះស្រាយជម្លោះដោយសន្តិវិធី ក្នុងការការពារអធិបតេយ្យ ការពង្រឹងទំនុកចិត្ត ការបើកលទ្ធភាពប្រើ ប្រាស់ធនធាន ការគាំទ្រការអភិវឌ្ឍ និងការរួមចំណែកដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់កម្ពុជា និង ថៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ទាំងមូលផងដែរ នេះជាលើកទី២ក្នុងប្រវត្តិសាស្ត្រនៃអនុសញ្ញានេះផងដែរ។
ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការ ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃដោយសន្តិវិធី និងបានសម្តែងក្តីសង្ឃឹមយ៉ាង មុតមាំថា ប្រទេសទាំងពីរនឹងអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ និងយូរអង្វែង៕









-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន4 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា