ព័ត៌មាន
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
ភ្នំពេញ៖ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានកត់សម្គាល់ថា ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់ កម្ពុជាអាចធ្វើ ជាគំរូ សម្រាប់ប្រទេសដទៃទៀត ។ ឯកឧត្តម បានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់បែបនេះក្នុងឱកាស ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើគ្រប់វិស័យ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ រយៈពេលជិត៣០ឆ្នាំ។ ទន្ទឹមនេះដែរ កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានលទ្ធផលផ្លែផ្កា ជាបន្តបន្ទាប់។
ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ម៉ឺងម៉ាត់ក្នុងការដាក់ចេញនូវវិធានការបង្ក្រាប និងបោសសម្អាតក្រុមបណ្តាញចាត់តាំងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុលោមតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមសន្តិបណ្ឌិត បានរំលេចអំពីលទ្ធផលស្នាដៃជាច្រើនរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្រោមការសម្របសម្រួល និងជំរុញពី គ.ប.ឆ.ប. ដែលដឹកនាំផ្ទាល់ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី និងដែលសម្រេចបានកន្លងមក លើការងារបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលខាងមុខ និងអញ្ជើញបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ចូលរួម ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានផ្តល់កិច្ចសហការល្អលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈក្រុមការងាររួមកម្ពុជា-កូរ៉េ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបង្ហាញការពេញចិត្ត និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលស្តែងចេញតាមលទ្ធផលបង្រ្កាបជាក់ស្តែង និងការប្រកាសដាក់ឱ្យប្រើប្រាស់នូវច្បាប់ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តម បានកត់សម្គាល់ថា ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់ កម្ពុជាអាចធ្វើ ជាគំរូ សម្រាប់ប្រទេសដទៃទៀត ។ ឯកឧត្តម បានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម ក៏បានកោតសរសើរ សមត្ថកិច្ច និងតុលាការកម្ពុជា ដែលបានផ្តល់យុត្តិធម៌ដល់និស្សិតរងគ្រោះកូរ៉េ ដោយបានដាក់ទោសធ្ងន់ធ្ងរចំពោះឧក្រិដ្ឋជន ដោយចំណាត់ការនេះទទួលបានការសាទរយ៉ាងខ្លាំងពីពលរដ្ឋកូរ៉េ ។ ឯកឧត្តម មានជំនឿជឿជាក់លើការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការបន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងគូសបញ្ជាក់ចំណាប់អារម្មណ៍ចូលរួមរបស់ ភាគី កូរ៉េ ចំពោះសន្និសីទអន្តរជាតិ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នាពេលខាងមុខនេះ។
មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធបច្ចុប្បន្នភាព ក៏ដូចជាជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្លាស់ប្តូរព័ត៌មាន និងការរួមសហការលើការងារបណ្តុះបណ្តាល និងកសាងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ