ព័ត៌មាន
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានបិទទ្វារស្តុកទឹកជោគជ័យ ឈានទៅលើកកម្ពស់សមិទ្ធផលថាមពលស្អាត និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំធេងបន្ថែមទៀតរបស់កម្ពុជា
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យថាមពលនៅកម្ពុជា ដោយគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨០មេហ្គាវ៉ាត់ បានឈានដល់ដំណាក់កាលបិទទ្វារទឹកជាផ្លូវការ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការចាប់ផ្តើមដំណើរការស្តុកទឹកចូលក្នុងអាង ដែលជាជំហានដ៏ចាំបាច់បំផុត មុននឹងឈានទៅដល់ការដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គិសនីស្អាត និងមាននិរន្តរភាពសម្រាប់ផ្គត់ផ្គង់ជូនបណ្តាញជាតិ។
ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា, ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP (Cambodia) Co., Ltd. ព្រមទាំងប្រតិភូពាក់ព័ន្ធជាច្រើនរូបទៀត។
គួរជម្រាបជូនថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន SPHP (Cambodia) Co., Ltd. កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ គម្រោងនេះបានចាប់ផ្តើមការសាងសង់ជាក់ស្តែង នៅខែកុម្ភៈ ឆ្នាំ២០២២ ហើយរហូតមកដល់បច្ចុប្បន្ន ការសាងសង់សម្រេចបានប្រមាណ ៨០ភាគរយ ដែលបង្ហាញពីវឌ្ឍនភាពការងារដ៏ឆាប់រហ័ស និងប្រកបដោយគុណភាពខ្ពស់តាមបទដ្ឋានវិស្វកម្ម។
គម្រោងនេះមិនត្រឹមតែជាសមិទ្ធផលវិស្វកម្មដ៏ធំធេងនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់សន្តិសុខថាមពល និងការប្រើប្រាស់ថាមពលស្អាត ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លើសពីការផលិតថាមពល គម្រោងនេះបានផ្តល់ផលប្រយោជន៍ពហុវិស័យ ជូនប្រជាពលរដ្ឋ រួមមាន៖
ទី១-បង្កើនប្រភពថាមពលស្អាត ដែលមានតម្លៃសមរម្យ សម្រាប់បម្រើដល់ការប្រើប្រាស់ ក្នុងវិស័យឧស្សាហកម្ម និងគ្រួសារ។
ទី២-កាត់បន្ថយហានិភ័យនៃជំនន់ទឹកភ្លៀង ក្នុងក្រុងពោធិ៍សាត់យ៉ាងមានប្រសិទ្ធភាព និងការបង្កើនសក្តានុពលស្រោចស្រពផ្ទៃដីកសិកម្ម ប្រមាណជាង២០ម៉ឺនហិកតា ក្នុងរដូវប្រាំង (បន្ទាប់ពីការបញ្ចប់គម្រោងទំនប់ស្ទាក់ទឹកទី២ ស្ទឹងអារ៉ៃ រួមបញ្ចូលគ្នា)។
ទី៣-បង្កើតជាគោលដៅទេសចរណ៍ បែបធម្មជាតិថ្មី, បង្កើតទីផ្សារការងារក្នុងតំបន់, សាងសង់ផ្លូវកៅស៊ូ ប្រវែង២០គីឡូម៉ែត្រជុំវិញតំបន់ផ្ទៃលិចទឹក និងគម្រោងបង្កើតរោងចក្រផលិតគីមឈី សម្រាប់ការនាំចេញ ដែលនឹងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង។
ជុំវិញការបិទទ្វារទឹក នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ត្រៀមលក្ខណៈដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គិសនី នាពេលឆាប់ៗខាងមុខ។ នេះគឺជាការបោះជំហាន ដ៏មានអត្ថន័យបំផុត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ និងបន្តបំពេញបន្ថែម ដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕

















-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ