ព័ត៌មាន
ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ
ភ្នំពេញ៖ បងប្អូនអតីតពលករដែលមានបំណងឆ្លងទៅប្រទេសថៃ សូមកុំប្រថុយឆ្លងដែនដោយខុសច្បាប់ ព្រោះអាចប្រឈមនឹងការចាប់ខ្លួន ការបញ្ជូនត្រឡប់មកវិញ និងហានិភ័យផ្សេងៗជាច្រើន សូមងាកមកស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន។ នេះជាការអំពាវនាវរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែមិថុនានេះ។
លោកស៊ុន មេសា ថ្លែងថា៖«សូមបងប្អូនអតីតពលករកុំប្រថុយឆ្លងដែនខុសច្បាប់ កម្ពុជាបច្ចុប្បន្នមានឱកាសការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម សំណង់ កសិកម្ម និងវិស័យផ្សេងៗទៀត ដែលកំពុងត្រូវការកម្លាំងពលកម្មយ៉ាងច្រើន។ ជាមួយគ្នានេះ កម្មករនិយោជិតដែលធ្វើការក្នុងស្រុក ក៏ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែប្រសើរឡើងផងដែរ»។
បើតាមលោក ស៊ុន មេសា បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ អាចទៅចុះឈ្មោះស្វែងរកការងារនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬតាមមជ្ឈមណ្ឌលការងារនានានៅតាមបណ្តាខេត្ត-រាជធានី ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារដោយឥតគិតថ្លៃ ឬអាចទំនាក់ទំនងទៅប្រព័ន្ធ Hotline លេខ១២៩៧។
អ្នកនាំពាក្យរូបនេះ បានរំលឹកដល់អតីតពលករត្រឡប់មកពីថៃកុំជឿតាមមេខ្យល់ ឬការអូសទាញឱ្យឆ្លងដែនដោយខុសច្បាប់ ព្រោះអាចបង្កហានិភ័យដល់សុវត្ថិភាព សេរីភាព និងជីវភាពរស់នៅ។ ប្រសិនបើចង់ធ្វើការនៅក្រៅប្រទេស សូមអនុវត្តតាមនីតិវិធីស្របច្បាប់ ឬជ្រើសរើសឱកាសការងារដែលមានស្រាប់នៅក្នុងប្រទេសវិញ។
សូមបញ្ជាក់ថា ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ធ្វើឡើងស្របពេលមានការផ្សព្វផ្សាយជាបន្តបន្ទាប់ថា អាជ្ញាធរថៃបានចាប់ខ្លួន និងបញ្ជូនពលករកម្ពុជាដែលឆ្លងដែនខុសច្បាប់ត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរចំនួន ៣០នាក់ តាមច្រកបានឡែម ខណៈពលករខ្មែរ ៦នាក់ទៀត ត្រូវបានទាហានថៃចាប់ខ្លួននៅស្រុកអារ៉ាញ់ ខេត្តស្រះកែវ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣