ព័ត៌មាន
កិច្ចប្រជុំអគ្គនាយគយអាស៊ាននៅកម្ពុជាបានបញ្ចប់ប្រកបដោយផ្លែផ្កាល្អប្រសើរជាមួយប្រតិភូអាស៊ាន
“កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ គិតចាប់ពីថ្ងៃទី២ ដល់ទី៤ ខែមិថុនា ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយភាពជោគជ័យ និងលទ្ធផលផ្កែផ្កាជាច្រើន ខណៈដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ ដែលមានការចូលរួមពីគណៈប្រតិភូរដ្ឋបាលគយ នៃប្រទេសសមាជិកអាស៊ានទាំងអស់។ ដោយឡែកគណៈប្រតិភូនៃរដ្ឋបាលគយថៃ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។
នៅក្នុងសន្និសីទសារព័ត៍មាន ក្រោយចប់កិច្ច នារសៀលថ្ងៃទី៤ ខែមិថុនានេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រជុំរយៈពេល ៣ថ្ងៃកន្លងមកនេះ អង្គប្រជុំបានអនុម័តលើឯកសារសំខាន់ៗចំនួន៤ រួមមាន៖ ១) លក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិ ការរវាងរដ្ឋបាលគយអាស៊ាននិងរដ្ឋបាលគយជប៉ុន ស្តីពីការចែករំលែកព័ត៌មានពាក់ព័ន្ធករណីរឹបអូសទំនិញ, ២) លក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិបត្តិការរវាងរដ្ឋបាលគយអាស៊ាន និងរដ្ឋបាលគយកូរ៉េ ស្តីពីការ ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យបានទាន់ពេល ៣) មគ្គុទេសក៏ស្តីពី ការកែទម្រង់និងទំនើបកម្មគយអាស៊ាន និង៤)ផែនទីបង្ហាញផ្លូវនៃប្រព័ន្ធបញ្ជរតែមួយស៊ាន ជំនាន់២.០០ (ASW 2.0) សម្រាប់ឆ្នាំ២០២៦-២០៣០។
ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំនេះក៏បានចេញនូវសេចក្តីថ្លែងការណ៍រួម ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលគយអាស៊ានក្នុងការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្វើទំនើបកម្មគយ ស្របពេលពិភពលោកកំពុងប្រឈមនឹងបញ្ហាថ្មីៗ ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះនៅមជ្ឈិមបូព៌ាជាដើម ដែលបានបន្តប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ។ អគ្គនាយកគយអាស៊ាន បានបញ្ជាក់ជាថ្មីនូវការខិតខំប្រឹងប្រែងពង្រីកឌីជីថលភាវូបនីយកម្មនីតិវិធីគយ តាមរយៈប្រព័ន្ធបញ្ជរតែមួយអាស៊ាន, បានស្វាគមន៍វឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសំខាន់ៗក្នុងតំបន់ រួមមាន៖ ការរៀបចំ AEO MRA ក្នុងចំណោមរដ្ឋបាលគយតំបន់ និងបន្តពង្រីក AEO-MRA ជាមួយរដ្ឋបាលគយដៃគូអាស៊ាន, ពង្រីកវិសាលភាពប្រព័ន្ធឆ្លងកាត់គយអាស៊ានទាំងក្នុងតំបន់ និងពិនិត្យលទ្ធភាពតភ្ជាប់ជាមួយប្រទេសចិន។
បើតាម ឯកឧត្តមបណ្ឌិត គុណ ញឹម កិច្ចប្រជុំលើកទី៣៥នេះ អគ្គនាយកគយអាស៊ាន ក៏បានប្រជុំពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ចនៃវិស័យឯកជនសំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន , ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងរដ្ឋបាលគយអាស៊ាននិងវិស័យឯកជន ស្តាប់អនុសាសន៍និងពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាមួយចំនួន ដែលវិស័យឯកជនបានលើកឡើង ក្នុងន័យលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់។
សូមបញ្ជាក់ថា នេះជាលើកទី៣ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ដោយការទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ នៅឆ្នាំ២០០៦ និងលើកទី២នៅឆ្នាំ២០១៦៕អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ