ព័ត៌មាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជានៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី “ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)” ដោយសិក្ខាសាលានេះគឺមានរយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។
ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលានោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបទេស ក្រសួងការពារជាតិអគ្គលេខាធិការគណៈកម្មាធិការជាតិប្រវត្តិសាស្រ្តយោធា និងជាប្រធាឧត្តមមន្រ្តីការពារជាតិអាស៊ាននៃព្រះរាជាណាចក្រកម្ពុជាលើកឡើងថា សិក្ខាសាលានេះត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍ស្នូលរបស់អាស៊ាន រួមមានការឯកភាពគ្នា បរិយាបន្ន ការគោរពគ្នាទៅវិញទៅមក ភាពបត់បែន និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងគ្នានិងគ្នាជាដើម។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងទៀតថា ប្រវត្តិសាស្ត្រយោធា មិនមែនគ្រាន់តែជាកំណត់ត្រានៃសង្គ្រាម និងជម្លោះប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពនៃមេរៀន យុទ្ធសាស្ត្រ និងទស្សនវិស័យ ដែលអាចជួយដល់ការកសាងសន្តិភាព ការទប់ស្កាត់ជម្លោះ និងការពង្រឹងភាពធន់របស់តំបន់ជាដើម។
ឯកឧត្តមបានបន្ថែមថា ក្នុងបរិបទសន្តិសុខបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសន្តិសុខដ៏ស្មុគស្មាញ ការសិក្សាពីប្រវត្តិសាស្ត្រអាចជួយទប់ស្កាត់ការគណនាខុស កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាពក្នុងតំបន់។ អាស៊ានគឺជាគំរូជោគជ័យនៃការប្រែក្លាយពីអតីតកាលដែលពោរពេញដោយបញ្ហាប្រឈម មកជាសហគមន៍ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ AMHIC នឹងដើរតួនាទីជាវេទិកាភ្ជាប់សារមន្ទីរយោធាបណ្ណសារ មជ្ឈមណ្ឌលស្រាវជ្រាវ ស្ថាប័នអប់រំ និងស្ថាប័នប្រវត្តិសាស្ត្រយោធានានាក្នុងអាស៊ាន ដើម្បីជំរុញការផ្លាស់ប្តូរវិជ្ជាជីវៈ ការស្រាវជ្រាវរួម ការអភិរក្សបេតិកភណ្ឌយោធា និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិក៏បានលើកយកបទពិសោធន៍របស់កម្ពុជា ដែលបានបង្ហាញថា «នយោបាយឈ្នះ ឈ្នះ» ដែលផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន គឺជាគំរូដ៏ជោគជ័យនៃការសម្រេចបានសន្តិភាព និងការឯកភាពជាតិពេញលេញតាមរយៈការផ្សះផ្សារការកសាងទំនុកចិត្ត និងការធានាសុវត្ថិភាពសម្រាប់គ្រប់ភាគី មិនមែនតាមរយៈការប្រើប្រាស់កម្លាំងយោធាដើម្បីកម្ទេចភាគីម្ខាងទៀតនោះទេ។ ក្រៅពីនេះ ក៏បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទបានបង្កើតក្រុមការងារប្រវត្តិសាស្ត្រយោធានៅគ្រប់អង្គភាព ដើម្បីពង្រឹងការយល់ដឹងពីប្រវត្តិសាស្ត្រ និងរក្សាសាមគ្គីភាពជាតិជាដើម។ បន្ថែមពីលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់ថា៖ « ប្រវត្តិសាស្ត្រនៃជម្លោះប្រដាប់អាវុធគឺជាបញ្ហាដែលបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ ហើយមិនគួរត្រូវបានបណ្តោយឱ្យកើតមានឡើងទៀតនោះទេ។ ផ្ទុយទៅវិញយើងគួរតែចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពបរិយាបន្ន ទាំងសម្រាប់ប្រវត្តិសាស្ត្របច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តមបានបន្ថែមថា ប្រទេសនីមួយៗគួរតែខិតខំស្វែងរកកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីជួយស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកំពុងបន្តកើតមាន ដោយផ្អែកលើច្បាប់អន្តរជាតិ។ នៅក្នុងបរិបទសង្គម និងវប្បធម៌ដ៏ទំនើបជឿនលឿនរបស់យើង យើងគួរតែស្វែងរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីទប់ទល់ និងឆ្លើយតបទៅនឹងការគំរាមកំហែងសហសម័យ ដូចជាគ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង សន្តិសុខសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀតជាដើម។ ជាពិសេស ដើម្បីការពារជាតិរបស់យើង យើងគួរតែផ្តោតលើការកសាងភាពធន់បន្ថែមទៀតនៅក្នុងវិស័យការពារជាតិ តាមរយៈការបង្កើនការចំណាយលើវិស័យការពារជាតិឱ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការយុទ្ធសាស្ត្រជាក់ស្តែង ក្នុងគោលបំណងកសាងសហគមន៍មួយដែលមានស្ថិរភាព សន្តិភាព និងវិបុលភាព ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕ អត្ថបទបាន ចក់











-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ