ព័ត៌មាន
កម្ពុជាយកយន្តការ UN ដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃបន្ទាប់ពីជម្រើសទ្វេភាគីអស់លទ្ធភាព
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះថា ការដែលកម្ពុជាជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំ ( Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយសារកម្ពុជាមើលឃើញច្បាស់ និងខិតខំអស់លទ្ធភាពក្នុងការចរចាទ្វេភាគីជាមួយថៃ ជាពិសេសភាគីថៃបានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ជាឯកតោភាគីដែលនេះជាយន្តការទ្វេភាគីតែមួយគត់សម្រាប់ប្រទេសទាំងពីរក្នុងការពិភាក្សាដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយគ្នា។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ( Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាថាជាមួយប្រទេសថៃ។
ឯកឧតុ្តមបានបញ្ជាក់ថា មូលហេតុដែលកម្ពុជាប្រើប្រាស់យន្តការនេះ ដោយសារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្ពុជា និងថៃមានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខណ្ឌទ្វេភាគីនោះ គឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចំាងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយព្រំដែនសមុទ្រ និងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
សម្តេចបន្តថា នៅពេលដែលរាជរដ្ឋាភិបាលថៃបានប្រកាសថា នឹងដកខ្លួនចេញពីក្របខណ្ឌទ្វេភាគីដ៏យូរអង្វែងនេះ កម្ពុជាបានស្នើឱ្យភាគីថៃពិចារណាឡើងវិញ ប៉ុន្តែ ជាការគួរឱ្យសោកស្តាយ ភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះដដែល។ ការណ៍នេះមានន័យថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្ទត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក មិនអាច យកមកប្រើប្រាស់ទៀតបានឡើយ។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ឱកាសចរចាទ្វេភាគីដើម្បីឈានទៅរកដំណោះស្រាយត្រូវបានប្រើប្រាស់អស់លទ្ធភាពហើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាន និងដែលអាចអនុវត្តទៅបាន។
អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រដែលស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋភាគីនានាពាក់ព័ន្ធនឹងដែនសមុទ្រដែលក្នុងនោះទាំងកម្ពុជានិងថៃជារដ្ឋភាគីនៃអនុសញ្ញានេះ។ ការផ្សះផ្សារដោយបង្ខំ ដែលជាយន្តការផ្លូវច្បាប់ដោយសន្តិវិធីនៅក្រោមអនុសញ្ញា UNCLOS នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលមានសមាជិកជាអ្នកផ្សះផ្សារចំនួន៥រូប និងសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទីក៏ធ្លាប់សម្តែងការសោកស្តាយដែលថៃលុបចោល MOU 2001 ហើយសម្តេចបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ ដូច្នេះ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឱ្យភាគីទី៣ឬអន្តរជាតិចូលរួម និងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។ សម្តេចតេជោសង្ឃឹមថា កម្ពុជានិងថៃនឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ( Compulsory Conciliation ) ក្រោមអនុសញ្ញា UNCLOS បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នកំពូលរបស់ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សាដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីទទួលបានដំណោះស្រាយមួយត្រឹមត្រូវ យុត្តិធម៌និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល៕

-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ