ព័ត៌មាន
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
(បាត់ដំបង)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បានបន្តនាំយកឱកាសការងារចំនួន ៩ ៤៩០ កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណវិទ្យាល័យសង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងពិធីដែលមានការចូលរួមពីប្រជាពលរដ្ឋជិត ៧០០នាក់ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការងារជាង ៩ពាន់កន្លែងនាពេលនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារខិតខំប្រមូល ហើយនាំយកក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗទាំងនេះមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីបងប្អូនធ្វើការចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ នាពេលបច្ចុប្បន្ន ការងារក្នុងស្រុកគឺសម្បូរណាស់ ហើយការនាំយកមកជូនដល់មូលដ្ឋាននេះ គឺជួយសន្សំទាំងថវិកា និងពេលវេលាសម្រាប់បងប្អូន ជាពិសេសអតីតពលករមកពីថៃ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ ចាប់ពីពេលត្រឡប់មកដល់ច្រកព្រំដែនវិញ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការងារទាំងនេះគឺជាឱកាសដ៏មានតម្លៃសម្រាប់បងប្អូនដែលចង់កសាងជីវភាពក្នុងស្រុកកំណើតក្នុងខេត្តបាត់ដំបង ឬនៅតាមបណ្តាខេត្តផ្សេងៗ ជាពិសេសក្នុងរាជធានីភ្នំពេញ ដោយឯកឧត្តមបានពន្យល់ថា ការងារចំណាកស្រុកនៅប្រទេសថៃប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។ ចំណែកឯការងារក្នុងស្រុកវិញ គឺជាជម្រើសដ៏ប្រសើរសម្រាប់កសាងសេដ្ឋកិច្ច និងផ្តល់សុភមង្គលក្នុងគ្រួសារ ព្រមទាំងអត្ថប្រយោជន៍ជាច្រើន ជាពិសេសពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនិវត្តន៍ ដែលត្រូវបានចាត់ទុកថាជាសំណាញ់សុវត្ថិភាពមួយ។ សម្រាប់ស្រ្តីមានផ្ទៃពោះ ក៏ទទួលបានការគាំពារមាតា និងទារក ដោយទទួលបានប្រាក់ឧបត្ថម្ភជាច្រើនលើក ចាប់ពីពេលមានផ្ទៃពោះ រហូតដល់សម្រាលកូន និងការឈប់សម្រាកដែលមានប្រាក់ឈ្នួល។
ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យអតីតពលករចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ដូចជានៅប្រទេសជប៉ុន កូរ៉េ និងសិង្ហបុរី ជាដើម។ លើសពីនេះ អតីតពលករ និងយុវជនក៏អាចចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសតាមរយៈកម្មវិធី TVET ១,៥លាន ជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម ដោយឯកឧត្តមបានរំលេចថា ការសិក្សាមិនអស់ប្រាក់ហើយថែមទាំងបានចំណេះដឹង ដែលអាចយកទៅបង្កើតមុខរបរដោយខ្លួនឯងបានថែមទៀតផង។ បើមានចម្ងល់ ឬចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
សូមបញ្ជាក់ថា វេទិកានេះមានការសហការចូលរួមពីក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសសំខាន់ៗដូចជា៖ ក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ, ថាកូ អាហ្រ្គី, សាន ហ្វេង, វ៉ាន់លី ថាយអឺរ, សមាគម TAFTAC, តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, តំបន់សេដ្ឋកិច្ចពិសេសចេជាង គម្រោង២ និងអង្គការការីតាសកម្ពុជា។ សម្រាប់ឱកាសការងារនៅប្រទេសជប៉ុន ក៏មានការចូលរួមពីក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍, មង្គល អេចអ និង វង្ស វឌ្ឍនៈ មេនផៅវ័រ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងផងដែរ៕

















-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ