ព័ត៌មាន
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងហាណូយ ដើម្បីចូលរួមវេទិកាអនាគតរបស់អាស៊ាន លើកទី៣ និងទស្សនកិច្ចផ្លូវការនៅវៀតណាម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដោយបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឡេ ម៉ាច់ ហ៊ុង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដើម្បីចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ (3rd ASEAN Future Forum-AFF) និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលក្នុងនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ គ្រោងនឹងលើកពិភាក្សាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។ សម្ដេចធិបតី ក៏នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ចំពោះ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម ព្រមទាំងជួបពិភាក្សាជាមួយ ឯកឧត្តម ជិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ផងដែរ។ ក្រៅពីកម្មវិធីខាងលើ, សម្តេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ «រួមគ្នា ស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល ដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្ម ការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន»។
សូមជម្រាបជូនផងដែរថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជីញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
សូមបញ្ជាក់ថា សម្ដេចធិបតី និងលោកជំទាវបណ្ឌិត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣