ព័ត៌មាន
ពាន Soccer League មិនត្រឹមជាការផ្ដល់ឱកាស តែជាវេទិកាបង្ហាញនូវស្មារតីសាមគ្គីភាពជាតិដ៏រឹងមាំ
ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League មិនត្រឹមជាព្រឹត្តិការណ៍ផ្ដល់ឱកាសដល់យុវជន តាមរយៈវិស័យកីឡានោះទេ តែក៏វេទិកាបង្ហាញនូវស្មារតីសាមគ្គីភាពជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ កាលពីចុងសប្ដាហ៍កន្លងទៅ នៅកីឡដ្ឋានវិសាខា។
ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាជិកការ ស.ស.យ.ក និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជា បានជួបជុំលេងកីឡា រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការល្អ ហើយឯកឧត្តម ក៏បានអរគុណដល់បណ្ដាសមាគម/ក្លិបបាល់ទាត់ទាំងអស់ ដែលបានខិតខំរៀបចំក្រុម និងកីឡាករ-កីឡាការិនី បានចូលរួមយ៉ាងច្រើនកុះករហូតដល់ ៦៤ក្រុម។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា Soccer Leaguer រៀបចំឡើងក្នុងគោលបំណងបង្កើតនូវឱកាសបន្ថែមទៀត សម្រាប់យុវជនកម្ពុជា ដែលមកពីអង្គភាព ស្ថាប័ន មុខងារ និងវិជ្ជាជីវផ្សេងគ្នា និងមិនមែនជាកីឡាករអាជីព ក្នុងការជួបជុំគ្នា ស្គាល់ និងស្វែងយល់ពីគ្នា ក៏ដូចជាការរឹតចំណងសាមគ្គីភាព មិត្តភាព និងភាតរភាព តាមរយៈវិស័យកីឡា ហើយក៏ដើម្បីជំរុញទឹកចិត្តយុវជន ដែលមិនមែនជាកីឡាករអាជីព ឲ្យលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងអាចបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន នៅក្នុងវិស័យកីឡាបាល់ទាត់ ព្រមទាំងរួមចំណែកអប់រំស្មារតីយុវជនឲ្យប្រើប្រាស់ពេលវេលាទំនេរពីការសិក្សា និងការងាររបស់ខ្លួនមកលេងកីឡា ជាជាងយកពេលវេលាប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ទៀតថា ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «សាមគ្គីភាពជាតិរឹងមាំ» ដែលជាការផ្សារភ្ជាប់ទៅនឹងការកសាងស្មារតីជាតិ និងប្រជាជន តាមរយៈការរួបរួមសាមគ្គីជាធ្លុងមួយ គិតពីប្រយោជន៍ជាតិជាធំ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធានាភាពធន់ និងភាពរឹងមាំនៃជាតិមួយ ហើយដរាបណាស្មារតីជាតិនៅតែមួយ សាមគ្គីភាពជាតិ កាន់តែរឹងមាំ មិនមានសត្រូវណាអាចបំបែបបំបាក់ប្រទេសជាតិបានឡើយ។
ជាមួយពិធីបើកព្រឹត្តិការណ៍បាល់ទាត់ដ៏ធំប្រចាំឆ្នាំ ដែលផ្ដួចផ្ដើម និងរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានេះដែរ គឺបានប្រព្រឹត្តទៅដោយភាពរីករាយ និងបន្សល់ទុកនូវការចងចាំដ៏មានអត្ថន័យ តាមរយៈបទចម្រៀង និងការសម្តែងដ៏អស្ចារ្យ ពីសំណាក់ក្រុមរបាំពីសាលាវិចិត្រសិល្បៈ តារាចម្រៀង ក្រុមអ្នកសម្តែង ព្រមទាំងដំណើរការកម្មវិធីយ៉ាងរស់រវើកពីអ្នកកាន់កម្មវិធី ហើយតាមរយៈសំឡេង ទឹកចិត្ត និងស្មារតីគាំទ្រដ៏អស្ចារ្យនេះ នឹងនៅជាមួយវីរកងកម្លាំងជួរមុខ និងប្រជាជនភៀសសឹក គ្រប់ពេលវេលា ។ នេះបើតាមការបន្ថែមរបស់ឯកឧត្តម ហ៊ុន ម៉ានី។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Soccer League ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានបេក្ខភាពចូលរួមសរុប ៦៤ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងបែងចែកជា ១៦ពូល និងក្រុមនារី ៨ក្រុម បែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជ័យលាភីតែម្ដង ។ សម្រាប់ការប្រកួតនឹងត្រូវប្រើប្រាស់ទីលានចំនួន រួមមានកីឡដ្ឋានវិសាខា, ទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងទីលានសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP)៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣