ព័ត៌មាន
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រដោយសន្ដិវិធី និងច្បាប់អន្តរជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងជាថ្មីក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងព្រំដែនគោករបស់កម្ពុជា គឺតែងតែប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី ការទូត ការសន្ទនា ស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តមបានថ្លែងថា ចំពោះ ព្រំដែនសមុទ្រ៖ ចាប់តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦ មក កម្ពុជា បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាថា ជាមួយប្រទេសថៃ។ ការសម្រេចចិត្តបែបនេះធ្វើឡើង បន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ ត្រូវបានភាគីថៃលុបចោលជាឯកតោភាគី។
ឯកឧត្តមបញ្ជាក់ថា នៅពេលដែលរាជរដ្ឋាភិបាលថៃបានប្រកាសថា នឹងដកខ្លួនចេញពីក្របខណ្ឌទ្វេភាគីដ៏យូរអង្វែងនេះ កម្ពុជាបានស្នើឱ្យភាគីថៃពិចារណាឡើងវិញ ប៉ុន្តែ ជាការគួរឱ្យសោកស្តាយ ភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះដដែល។ ការដើរចេញពីក្របខណ្ឌទ្វេភាគីរបស់ថៃ មានន័យថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក មិនអាចប្រើប្រាស់បានទៀតឡើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាន និងដែលអាចអនុវត្តទៅបាន។ ការផ្សះផ្សារដោយបង្ខំដែលជាយន្តការផ្លូវច្បាប់ដោយសន្តិវិធីនៅក្រោមអនុសញ្ញា UNCLOS គឺជាជម្រើសដ៏ល្អបំផុត។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏ បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នកំពូលរបស់ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សាដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយត្រឹមត្រូវ យុត្តិធម៌និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។
ចំណែកព្រំដែនគោកវិញ៖ ទន្ទឹមគ្នានឹងការប្រើប្រាស់ «យន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិនិងសិទ្ធិលើដែនសមុទ្រ កម្ពុជាក្នុងនាមជារដ្ឋដែលស្រឡាញ់ និងការពារសន្តិភាព និងគោរពច្បាប់អន្តរជាតិ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជាថៃចំពោះដំណោះស្រាយព្រំដែនគោក។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ក្នុងន័យនេះ កម្ពុជានៅតែបន្តគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុតនូវបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរដោយសន្តិវិធី ដោយបង្កើតឱ្យបាននូវសន្តិភាពយូរអង្វែងនៅតាមព្រំដែន ក៏ដូចជាស្ថិរភាពនិងវិបុលភាពក្នុងតំបន់ទាំងមូល តាមរយៈការប្រើប្រាស់ក្រុមការងារវាស់វែងព្រំដែនចម្រុះ (JBC)ដូចមានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។
ឯកឧត្តមបានរំឭកឡើងវិញថា ចំណុចទី៣ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នា ថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំង សុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»៕

-
ព័ត៌មាន2 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS5 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន1 week agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
ព័ត៌មាន1 day agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន1 week agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា