Connect with us

ព័ត៌មាន

មេបញ្ជាការកងទ័ពជើងទឹក អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆ្នាំ២០២៦ របស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ខណៈវគ្គហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារដល់កងកម្លាំងកងទ័ពជើងទឹក ដើម្បីឆ្លើយតបទៅនឹងភារកិច្ចការពារបូរណភាពទឹកដី និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងលម្ហសមុទ្រឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ថ្លែងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆ្នាំ២០២៦របស់កងទ័ពជើងទឹកនោះ ឧត្តមនាវីឯក ទៀ សុខា បានគូសបញ្ជាក់ថា ក្រៅពីអនុវត្ត ភារកិច្ចស្នូលរបស់ខ្លួនក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនោះ កងទ័ពជើងទឹកមិនភ្លេចអំពីការពង្រឹង និងពង្រីកសមត្ថភាពបន្ថែមលើចំណេះដឹង ចំណេះធ្វើដល់យោធិន ក៏ដូចជាការអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការ ក្រសួងការពារជាតិនោះទេ ដោយបានបើកវគ្គហ្វឹកហ្វឺនជំនាញនានាច្រើនដល់នាវិកគ្រប់កងឯកភាពទាំងអស់។

ឯកឧត្តមបានបន្តថា ការបើកវគ្គហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកនាពេលនេះ ក៏ដើម្បីពង្រឹងសមត្ថភាពយោធិនរបស់កងទ័ពជើងទឹក និងឆ្លើយតបទៅនិងការកែទម្រង់កងយោធពលខេមរភូមិន្ទក្រោយការដឹកនាំដ៏ប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តោតលើគោលការណ«បង្រួមក្បាល ពង្រីកខ្លួន» ដើម្បីបង្កើតកងទ័ពជំនាញ ខ្លាំងស្ទាត់ជំនាញនិងទំនើប តាមរយៈការកាត់បន្ថយរចនាសម្ព័ន្ធធំទូលាយ និងពង្រឹងកម្លាំងប្រយុទ្ធផ្ទាល់នៅមូលដ្ឋាន ដោយផ្តោតលើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងគ្រឿងបំពាក់ស្របតាមពាក្យស្លោកដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន«កែទម្រង់រស់ មិនកែទម្រង់គឺស្លាប់» ខណៈពាក្យនេះគឺមាន អត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ដែលឧត្តមនាវី នាយនាវី នាយនាវីរង និងពលនាវិកទាំងអស់នឹងត្រូវអនុវត្តតាមគ្រប់កាលៈទេសៈទាំងអស់៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia