ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ខណៈមនុស្ស ៣នាក់បានស្លាប់ និង២នាក់រងរបួស ដោយបាតុភូតរន្ទះបាញ់
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ខណៈរយៈពេលប៉ុន្មានថ្ងៃមកនេះ មានមនុស្សចំនួន ៣នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរបួសធ្ងន់ ដោយបាតុភូតរន្ទះបាញ់ ។
ការណែនាំនេះធ្វើឡើង ខណៈដឹកនាំក្រុមការងារ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសាកសួរ និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងអ្នករងរបួស ដែលស្ថិតនៅក្នុងភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ខែវស្សាបានចូលមកដល់ ភ្លៀងបានធ្លាក់រាយប៉ាយនៅតាមបណ្តាភូមិស្រុក ទូទាំងខេត្តកំពង់ស្ពឺ ។ ជាមួយនិងមានភ្លៀងធ្លាក់ បាតុភូតធម្មជាតិមានដូចជាខ្យល់កន្រ្តាក់ ផ្គរន្ទះ ក៏កើតមានដំណាលគ្នានោះផងដែរ ដែលទាមទារឱ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ ។ ការធ្វើដំណើរ និងការព្យួររាស់ក្រោមដំណក់ទឹកភ្លៀង ពិសេសការជ្រកក្រោមដើមឈើ គឺមានការប្រឈមខ្លាំង ជាមួយបាតុភូតរន្ទះបាញ់ ហើយករណីនេះក៏កើតមានច្រើនរួចមកហើយដែរ។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បាតុភូតធម្មជាតិពិតជាកាចសាហាវ និងអាចសម្លាប់យើងបានគ្រប់ពេលវេលា ដូច្នេះតោងឱ្យយើងមានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ដោយមិនត្រូវធ្វើដំណើរ ឬធ្វើការក្រោមដំណក់ទឹកភ្លៀងឡើយ ហើយជាងនេះពេលមានភ្លៀងផ្គរន្ទះ ក្រោមដើមឈើមិនមែនជាកន្លែងដែលមានសុវត្ថិភាពនោះទេ ។ ជាក់ស្តែងករណីខាងលើ គឺមនុស្សប្រុសស្រីចំនួន ៣នាក់ ត្រូវបានស្លាប់ ដោយបាតុភូតរន្ទះបាញ់ ពេលកំពុងព្យួរកណ្តាលវាលស្រែ និងក្មេងប្រុស២នាក់ផ្សេងទៀតត្រូវបាតុភូតរន្ទះបាញ់ ពេលកំពុងជ្រកក្រោមដើមឈើ ហើយក្នុងនោះផ្ទះជាច្រើនខ្នង ក៏រងការខូចខាតដោយខ្យល់កន្ត្រាក់ផងដែរ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ក្រោយជួបឧបទ្ទវហេតុ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់អាជ្ញាធរ និងក្រុមការងារកាកបាទក្រហមចូលរួមរំលែកទុក្ខ និងនាំគ្រឿងបរិក្ខានិងបច្ច័យចូលរួមក្នុងកម្មវិធីបុណ្យផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ









-
ព័ត៌មាន2 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS5 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន1 week agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
ព័ត៌មាន1 day agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន1 week agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា