ព័ត៌មាន
សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ជួយជំរុញវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន
សមត្ថភាព និងភាពច្នៃប្រឌិតរបស់យុវជនកម្ពុជាក្នុងវិស័យបច្ចេកទេស និងបច្ចេកវិទ្យា កំពុងបន្តបង្ហាញឱ្យឃើញកាន់តែច្បាស់ ខណៈសិស្សជំនាញមេកានិចរថយន្តនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបង្កើត និងដំឡើងម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដោយខ្លួនឯង ដែលមានសមត្ថភាពបោះពុម្ពវត្ថុកម្ពស់ជាង ១,៤០ម៉ែត្រ ដើម្បីបម្រើដល់តម្រូវការនៃវិស័យឧស្សាហកម្ម និងការច្នៃប្រឌិត។

យុវជន ឡេង សុខលីន សិស្សជំនាញមេកានិចរថយន្ត បានឱ្យដឹងថា ម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំនេះ ត្រូវបានដំឡើងនៅក្នុងវិទ្យាស្ថានផ្ទាល់ ដោយសិស្សជាអ្នកអនុវត្ត ខណៈគ្រឿងបង្គំមួយចំនួនត្រូវបានទិញពីខាងក្រៅ។ ការអភិវឌ្ឍម៉ាស៊ីននេះបានចំណាយពេលប្រមាណ ៣ខែ និងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដង ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពក្នុងការប្រើប្រាស់។

យុវជនរូបនេះបានបញ្ជាក់ថា មូលហេតុដែលក្រុមការងារសម្រេចចិត្តបង្កើតម៉ាស៊ីននេះ គឺដោយសារម៉ាស៊ីនបោះពុម្ព 3D ភាគច្រើនដែលមាននៅលើទីផ្សារ មានតែទំហំតូច ខណៈតម្រូវការក្នុងការផលិតគំរូ ឬវត្ថុដែលមានទំហំធំកំពុងកើនឡើង។ ដូច្នេះ ការបង្កើតម៉ាស៊ីនខ្នាតធំនេះ នឹងអាចជួយពង្រីកលទ្ធភាពផលិត និងបង្កើតស្នាដៃថ្មីៗបានកាន់តែច្រើន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំនេះ អាចដើរតួនាទីសំខាន់ក្នុងការផលិតគំរូ (Prototype) សម្រាប់រោងចក្រ និងសហគ្រាស មុនពេលឈានទៅផលិតផលពេញលេញ។ វាជួយឱ្យម្ចាស់អាជីវកម្មអាចពិនិត្យ វាយតម្លៃ និងកែលម្អផលិតផលរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព។

លោកបានគូសបញ្ជាក់ថា៖«ស្នាដៃនេះគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីគុណភាពនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលអាចបណ្តុះធនធានមនុស្សមានសមត្ថភាពពិតប្រាកដ ឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារការងារ និងការអភិវឌ្ឍឧស្សាហកម្មសម័យទំនើប»។
បើតាមលោក ស៊ុន មេសា ម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំនេះ អាចប្រើប្រាស់សម្រាប់ការផលិតគំរូផលិតផលធំៗ ដូចជា គ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត រូបចម្លាក់ និងស្នាដៃសិល្បៈផ្សេងៗ។ លើសពីនេះ វាក៏អាចអនុវត្តក្នុងវិស័យស្ថាបត្យកម្ម សម្រាប់បោះពុម្ពគំរូអគារ និងផ្នែកសំណង់ ព្រមទាំងវិស័យរចនា និងសិល្បៈផងដែរ។
សមិទ្ធផលនេះមិនត្រឹមតែជាស្នាដៃបច្ចេកទេសរបស់សិស្សជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញថា យុវជនកម្ពុជាមានសមត្ថភាព ចំណេះដឹង និងភាពច្នៃប្រឌិត អាចអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីរួមចំណែកជំរុញការប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំនាពេលអនាគត។ នេះបើតាមអ្នកនាំពាក្យដដែល៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣