ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ៣៣១៨គ្រួសារ។

យោងតាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង១២៖០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងក្រោយពេលមានសភាពការណ៍ចុងក្រោយ ប្រជាពលរដ្ឋភៀសសឹកភាគច្រើន បានវិលត្រឡប់ទៅមូលដ្ឋានរបស់ខ្លួនវិញ។ រីឯប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងនោះ មានភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបន្ទាយមានរឹទ្ធ ភូមិត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ដែលភូមិទាំងអស់នេះ ត្រូវបានទាហានថៃដាក់កុងតឺន័រ រាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាចវិលត្រឡប់ ចូលទៅរស់នៅវិញបាន។ ពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបាន ត្រូវបានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ធ្វើការដោះស្រាយជូនក្នុងជំហានទី១ ដោយឱ្យពួកគាត់រស់នៅក្នុងតង់ធម្មតា បន្ទាប់មកមានការផ្តល់តង់ដោយរាជរដ្ឋាភិបាល និងតង់ដែលផ្តល់ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងតង់ដែលជាជំនួយរបស់ប្រទេសចិន ដោយបានរៀបចំជូនឱ្យពួកគាត់ស្នាក់ក្នុងវត្តចំនួនពីរកន្លែងគឺ វត្តចាន់ស៊ីសាមគ្គីរតនារាម ស្រុកអូរជ្រៅ សម្រាប់ពលរដ្ឋភូមិជោគជ័យ និងភូមិព្រៃចាន់ និងវត្តកណ្ដោល ស្រុកថ្មពួក សម្រាប់ពលរដ្ឋតំបន់បឹងត្រកួនមាន៖ ភូមិបន្ទាយមានរឹទ្ធ ភូមិត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក។

ដោយសារមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចជូន ក្រុមការងារចំពោះកិច្ច ធ្វើការ រៀបចំដី ដើម្បីសាងសង់ផ្ទះជូនពួកគាត់រស់នៅឱ្យបានប្រសើរជាងមុន នៅក្នុងមណ្ឌលសមាគមអតីតយុទ្ធជនភូមិ-ឃុំ ស្លក្រាម ស្រុកស្វាយចេក។ មកទល់ពេលនេះ ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន មានចំនួន៣.៣១៨គ្រួសារ ស្មើនឹងចំនួន១១.២១៧នាក់/ស្រី៥.៦៦៣នាក់ កុមារ៣.៨៣៩នាក់ ក្នុងចំណោម ប្រជាពលរដ្ឋ៣.៣១៨គ្រួសារ ក្នុងនោះ មានគ្រួសារកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំនួន១៤៥គ្រួសារ ដោយផ្តល់ដី ទំហំ ២០មx៣០ម ក្នុង១គ្រួសារ ទំហំផ្ទះ៥ម៉ែត្រx៧ម៉ែត្រ លើផ្ទៃដីចំនួន៤០០ហ.ត ដោយដកទុកសម្រាប់ធ្វើកសិកម្ម ចំនួន១១៣ហិកតា (ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ បានឧបត្ថម្ភជូនរាជរដ្ឋាភិបាល)។ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ដំណាច់ខែមេសា ឆ្នាំ២០២៦ និងមកដល់ពេលនេះ ការសាងសង់ផ្ទះដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានរួចរាល់ចំនួន២.៨០៥ខ្នង ចំពោះទីតាំងនេះដែរយើងបាន រៀបចំទៅតាមភូមិនីមួយៗ ដោយមានស្នាក់ការភូមិគ្រប់ភូមិទាំង៦ និងដីសម្រាប់ធ្វើកសិកម្មដែលទទួលខុសត្រូវដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយគ្នានេះ ក្រសួងក៏បានផ្តល់ទ្រុងមាន់ និងពូជមាន់ដល់ប្រជាពលរដ្ឋចំនួន ១.០០០គ្រួសារ មានការសាងសង់ផ្លូវចំនួន២៦ខ្សែ ក្នុងនោះ ផ្លូវមេទំហំ១១ម៉ែត្រ ចំនួន៦ខ្សែ និងផ្លូវទំហំ៧ម៉ែត្រចំនួន ២០ខ្សែ សំរួលដីសាងសង់សាលារៀន (ចាប់ពីមត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ) សាងសង់មណ្ឌលសុខភាពដោយកងវិស្វកម្មសម្តេចតេជោសៀមរាប ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ការភ្ជាប់ប្រព័ន្ធទឹក និង ភ្ជាប់ទឹកតាមផ្ទះ ទទួលខុសត្រូវដោយក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ទន្ទឹមនោះ ក្រសួងក៏បានផ្តល់ពាងទឹក ធំក្នុង១គ្រួសារទទួលបានពាង១ចំណុះ៥គីប ស្មើនឹង២៨០ពាង ចំពោះអគ្គិសនីបានតភ្ជាប់គ្រប់ផ្ទះដែលទទួលខុសត្រូវ ដោយក្រសួងរ៉ែ និងថាមពល រីឯការសម្របសម្រួលទូទៅគឺរដ្ឋបាលខេត្ត។ ជាពិសេស រាជរដ្ឋាភិបាល បានជួយឧបត្ថម្ភ ថវិកាក្នុង១គ្រួសារចំនួន១០ម៉ឺនរៀល ឧបត្ថម្ភដល់សមាជិកគ្រួសារក្នុងម្នាក់ៗចំនួន២៨.០០០រៀល ឧបត្ថម្ភក្នុងការប្រើ ប្រាស់ភ្លើងក្នុង១គ្រួសារចំនួន៣០គីឡូ និងថ្លៃប្រើប្រាស់ទឹកប្រចាំខែ២ម៉ឺនរៀលក្នុង១គ្រួសារ ហើយបងប្អូនជនភៀសសឹក ក៏ទទួលបានថវិកាជំនួយសង្គមពិសេស ក្នុង១គ្រួសារទទួលបានប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺនរៀលក្នុង១ខែ បន្ថែមលើ ប្រាក់ឧបត្ថម្ភដែលទទួលបានពីមុន ក្នុងរយៈពេល១២ខែ ចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២៦។
នៅទីនេះ ឯកឧត្តម ឌិត ទីណា និងក្រុមការងារ បានផ្តល់គោលការណ៍ឱ្យបងប្អូនពលរដ្ឋ រៀបចំការប្រឡងប្រណាំងផ្ទះស្អាត(៣ខែម្តង) យក៣ខ្នងផ្ទះ និងការប្រឡងប្រណាំងភូមិស្អាតផងដែរ។ ផ្ទះលេខ១ទទួលបាន=៣.០០០$ លេខ២=២.០០០$ លេខ៣=១.០០០$ ភូមិស្អាតនឹងមានការឧបត្ថម្ភផងដែរ។ ក្រៅពីនេះ ក៏មានដៃគូផ្សេងៗដូចជា អង្គការម៉ារីតាន់ភឺស បានជួយលើការចិញ្ចឹមមាន់ ពពែ ចង្រិត និងទឹកចម្លោះ ចំនួន២ទីតាំង ព្រមទាំង ឧបត្ថម្ភពាងចំនួន២.៩០០ អង្គការទស្សនៈពិភពលោក ជួយលើការងារអប់រំ អង្គការ IOM ជួយ លើការងារអប់រំសុខភាពផ្លូវចិត្ត អង្គការក្តីសង្ឃឹមកម្ពុជា ជួយចាក់សាបតាមផ្ទះជនពិការ អង្គការអុកស្វាម ជួយឧបត្ថម្ភ ថវិកាដល់គ្រួសារជនភៀសសឹក អង្គការរីដូ ជួយឧបត្ថម្ភអំពូលសូឡា និងអង្គការផ្កាឈូក ជួយឧបត្ថម្ភស្បៀងដល់ជន ភៀសសឹកផងដែរ។
សម្តេចតេជោ លើកឡើងថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេមានព្រះទ័យយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជនភៀសសឹក ចាំតាំងពីពេលសង្គ្រាមបានចាប់ផ្តើម រហូតដល់ពេលនេះ នេះបង្ហាញពីព្រះទ័យយកចិត្តទុកដាក់ចំពោះសុខទុក្ខ កងកម្លាំងនៅសមរភូមិ និងពលរដ្ឋភៀសសឹកតាមព្រំដែន។
សម្តេចតេជោ ក៏វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំចាត់ចែងការងារនេះយ៉ាងរហ័ស សម្តេចភ្ញាក់ផ្អើលដែលនាយករដ្ឋមន្ត្រីបច្ចុប្បន្នបានចាត់ចែងការងារនេះយ៉ាងរហ័ស បង្ហាញអោយឃើញថា រាជរដ្ឋាភិបាលមិនព្រងើយកណ្តើយចំពោះសុខទុក្ខពលរដ្ឋទេ បានយកចិត្តទុកដាក់ និងធ្វើសកម្មភាព៕




-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ